កាលពីថ្ងៃចន្ទ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានធានាដល់ធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារជាតិ និងការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។ នេះត្រូវបានលើកឡើងដោយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងជំនួបជាមួយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិក្នុងរាជធានីភ្នំពេញ។
លោក Robert Kaproth បានដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌជំនួយបច្ចេកទេស ដោយផ្អែកលើតម្រូវការជាក់លាក់របស់ធនាគារជាតិ។ នៅក្នុងជំនួបនោះ លោក Robert Kaproth បានជម្រាបជូនលោកស្រី ជា សិរី អំពីបំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
ជាការឆ្លើយតប លោកស្រីបានជម្រាបជូនអំពីសកម្មភាពលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងគោលដៅគាំទ្រដល់ដំណើរការអនុវត្តន៍គោលនយោបាយរូបិយវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រី ក៏បានថ្លែងអំណរគុណចំពោះការលើកឡើងពីលទ្ធភាពបន្តជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា និងការវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែករបស់ ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតងផងដែរ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា រួមទាំងវឌ្ឍនភាព និងប្រសិទ្ធភាពនៃជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។
គួររំលឹកផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈភ្នាក់ងារដូចជា USDT និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បាននិងកំពុងផ្តល់ជំនួយបច្ចេកទេសដល់ការអភិវឌ្ឍន៍ប្រព័ន្ធធនាគាររបស់កម្ពុជា រួមទាំងកម្មវិធីបណ្តុះបណ្តាល ការកសាងសមត្ថភាព និងកំណែទម្រង់វិស័យហិរញ្ញវត្ថុ។