ធនាគារជាតិនៃកម្ពុជា៖ សភាផាត់ទាត់ជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់ និងទូទាត់កាតព្វកិច្ចអន្តរធនាគារ ដែលកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច។ ប្រព័ន្ធផាត់ទាត់ជាតិដំណើរការដោយសភាផាត់ទាត់ជាតិដែលមានទីតាំងនៅក្នុងធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិក និងដើម្បីពង្រឹងសមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារនិងសេដ្ឋកិច្ច ។ ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍន៍ ទៅជាប្រព័ន្ធស្វ័យប្រវត្តិ និងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១២ ដែលមានសមត្ថភាពផាត់ទាត់ជា លក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់អន្តរធនាគារដោយមូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលមានដូចជា ឥណទានផ្ទាល់ ឥណពន្ធផ្ទាល់ និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀលនិងដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់ទីតាំងសម្រាប់ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិក ដើម្បីដោះដូរ មូលប្បទានបត្ររូបវន្តផងដែរ។ ក្រៅពីមណ្ឌលដោះដូរមូលប្បទានបត្រដែលមានទីតាំងនៅសភាភាត់ទាត់ជាតិ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាក៏មានមណ្ឌលដោះដូរមូលប្បទានបត្រ ៦កន្លែងទៀតនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា គឺ ខេត្តសៀមរាប ព្រះសីហនុ កំពង់ចាម បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ។