សេដ្ឋកិច្ច៖ ស្ថិតិចុងក្រោយរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក បានឈានដល់ ១០០,៣ ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូង ដើមឆ្នាំ ២០២៤ នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃព្រហស្បតិ៍។
សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដោយការនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រួមចំណែកភាគច្រើនលើសលុបលើទំហំពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក ក្នុងចំនួនប្រមាណ ៨៩,៤ ប៊ីលានដុល្លារ គិតត្រឹមចុងខែកញ្ញា កើនឡើង ២៧,៤ ភាគរក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញទៅអាមេរិករបស់វៀតណាម រួមចំណែករហូតដល់ជិត ៣០ ភាគរយ នៃការនាំចេញសរុបរបស់ប្រទេស។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទីផ្សារសហរដ្ឋអាមេរិកកំពុងបង្ហាញសញ្ញានៃកំណើនតម្រូវការរបស់អ្នកប្រើប្រាស់ និងការពង្រីកតម្រូវការនាំចូល-នាំចេញរបស់អាជីវកម្ម ដែលនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្រូវការផលិតផលឈើ អាហារសមុទ្រ និងវាយនភណ្ឌរបស់វៀតណាម៕