វៀតណាម ៖ប្រទេសវៀតណាមបានប៉ាន់ស្មានតម្លៃនៃការសាងសង់ផ្លូវដែកថ្មីមួយតភ្ជាប់រដ្ឋធានីហាណូយជាមួយខេត្តយូណានរបស់ប្រទេសចិន ក្នុងតម្លៃ១៧៩ពាន់ពាន់លានដុង ឬស្មើនឹង៧,២ពាន់លានដុល្លារអាម៉េរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpress នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤។

សម្រាប់ផ្លូវរថភ្លើងប្រវែង៤២៧ គីឡូម៉ែត្រ នឹងរត់ពីខេត្តព្រំដែនឡាវខៃ ឆ្លងកាត់រដ្ឋធានីហាណូយ និងទីក្រុងកំពង់ផែហៃផុង ទៅកាន់ទីក្រុងហាឡុង។ វៀតណាមបាននិងកំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធផ្លូវដែក ដែលមានវ័យចំណាស់របស់ខ្លួន រួមទាំងផែនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរត់តាមបណ្តោយនៃប្រទេស និងខ្សែតភ្ជាប់ជាមួយប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។ អាជ្ញាធរផ្លូវដែកវៀតណាមបានដាក់ផែនការសាងសង់ផ្លូវរថភ្លើងពីខេត្តឡាវខៃ ទៅហាឡុង ទៅក្រសួងដឹកជញ្ជូនដើម្បីពិនិត្យ និងអនុម័ត។

វៀតណាមបានចូលទៅកៀកប្រទេសចិនសម្រាប់ជំនួយបច្ចេកវិទ្យា និងថវិកាសម្រាប់ផែនការរបស់ខ្លួនក្នុងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរ ដែលត្រូវបានតភ្ជាប់រួចជាស្រេចដោយប្រព័ន្ធផ្លូវហាយវេ និងផ្លូវរថភ្លើងពីរចាស់ទ្រុឌទ្រោម ហើយត្រូវការធ្វើឱ្យប្រសើរឡើងនៅខាងវៀតណាម។ ប្រទេសជិតខាងអាស៊ីទាំងពីរ បានបង្ហាញចំណាប់អារម្មណ៍ម្ដងហើយម្ដងទៀត ក្នុងការជំរុញការតភ្ជាប់ផ្លូវដែក ហើយដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ប្រទេសគ្នាទៅវិញទៅមក ដោយមេដឹកនាំរបស់ពួកគេជារឿយៗរួមបញ្ចូលការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការផ្លូវដែក។
ការសាងសង់ផ្លូវដែកនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ២០៣០ ដោយបន្ថែមថា តម្រូវការដឹកជញ្ជូនតាមតំណផ្លូវដែកនេះ ត្រូវបានប៉ាន់ប្រមាណថា មានអ្នកដំណើរ៨,៣លាននាក់ និងទំនិញ១៧,៥លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៥០៕


Leave a Reply

Your email address will not be published. Required fields are marked *