ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។
ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់២០២៣) នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះរដ្ឋបាលរាជធានីភ្នំពេញថា រាល់សំណើ និងសំណូមពរ ដែលស្នើមកថ្នាក់រាជធានី ត្រូវតែជាសំណើ និងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់ បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឹមិនមែនជាសំណើ និងសំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តនោះទេ កុំលើកឡើងជាសំណើ សំណូមពរ យករួចខ្លួន។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបន្តថា ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងឲ្យបានគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ហើយនាំគ្នាដោះស្រាយជូនពួកគាត់ បើដោះស្រាយអស់ពីលទ្ធភាព ឬគ្មានលទ្ធភាពដោះស្រាយ ត្រូវតែសុំការអន្តរាគមន៍ពីរដ្ឋបាលរាជធានី កុំស្នើសុំអន្តរាគមន៍ទាំងខ្លួនឯង មិនទាំងបានអនុវត្តផងនោះទេ។
វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ (២០២១-២០២៣) នៅរាជធានីភ្នំពេញ រៀបចំឡើងដើម្បីបូកសរុបវឌ្ឍនភាព ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងសំណើ សំណូមពរនានា ពីថ្នាក់សង្កាត់ទាំង១០៥ និងថ្នាក់ខណ្ឌទាំង១៤ ឈានទៅបូកសរុបរបាយការណ៍អំពីលទ្ធផល នៃវេទិកាថ្នាក់រាជធានី ដាក់ជូន គ.ជ.អ.ប ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា មុននឹងដាក់ស្នើបញ្ហា ប្រឈមដែលនៅសេសសល់ ទៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យ ពិភាក្សា និងដោះស្រាយរួម ។
សូមជម្រាបថា ក្នុងវេទិកានេះ ក៏មានបទអន្តរាគមន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ជាបន្តបន្ទាប់ផងដែរ ដោយលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន, ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់, ការផ្តល់សេវារដ្ឋបាល, ការដោះស្រាយវិវាទមូលដ្ឋាន, ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍, ការផ្តល់សេវា តាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា នៅច្រកចេញចូលតែមួយ, រចនាសម្ព័ន្ធគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការគ្រប់គ្រងចំណូល និងការអភិវឌ្ឍមូលដ្ឋានជាដើម៕