ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មធ្វើការផ្សព្វផ្សាយវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ (1st Cambodia Digital Trade Forum & Online Expo ) ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអត្ថប្រយោជន៍ក្នុងការចូលរួម វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ ( 1st Cambodia Digital Trade Forum & Online Expo ) នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១និង ពិព័រណ៍អនឡាញ ជាលើកដំបូងនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំឧស្សាហកម្ម ដៃគូអន្តរជាតិ និងតួអង្គពាក់ព័ន្ធសំខាន់ៗជាច្រើន ដើម្បីពិភាក្សាអនាគតនៃវិស័យពាណិជ្ជកម្មឌីជីថល។
លោកជំទាវ បានបន្តថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាកម្មវិធីអមពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញនាំចូលលើកទី១៧ ដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចង់ឱ្យព្រឹត្តិការណ៍ល្អប្រសើរក្នុងឌីជីថល សម្រាប់បដិវត្តន៍កម្មឌីជីថល ដែលចាប់ពីថ្ងៃទី១៣ ដល់១៦ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបុរីប៉េងហួតបឹងស្នោ ក្នុងប្រធានបទ “ផលិតផលកម្ពុជាឆ្ពោះទៅកាន់សកលលោក ” និងបង្ហាញពីភាពរីកចម្រើននិងតួនាទីរបស់កម្ពុជាក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនលើវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។
លោកជំទាវ បានបន្តទៀតថា ក្នុងឱកាសនោះ អ្នកចូលរួមនឹងបានស្វែងយល់អំពីកិច្ចពិភាក្សានិងបទពិសោធន៍បង្ហាញជាច្រើន ដែលរួមមាន ៖ គោលនយោបាយពាណិជ្ជកម្មឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ប្រព័ន្ធទូទាត់ឌីជីថល ដំណោះស្រាអាជីវកម្មអនឡាញ។
លោកជំទាវ បានបន្ថែមទៀតថា ក្រុមការងារកំពុងរៀបចំកម្មវិធីមួយដែលអ្នកចូលរួមនឹងទទួលបានបទពិសោធន៍ថ្មីៗ និងមានភាពរំភើបជាមួយអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងការនិយាយអំពី AI ផងដែរ។ បន្ថែមពីនោះទៀត ព្រឹត្តិការណ៍នេះ ក៏មានការពិភាក្សាដេញដោលរបស់យុវជនក្នុងប្រធានបទពាណិជ្ជកម្មឌីជីថលផងដែរ។
លោកជំទាវ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចឌិជីថល ដ៏ទូលំទូលាយរបស់កម្ពុជា មានគោលបំណងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ និងពង្រឹងសមត្ថភាពនៃវិស័យឯកជន។ ក្រសួងពាណិជ្ជកម្មមានការយកចិត្តទុកដាក់និងប្តេជ្ញាចិត្តខ្ពស់ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្នុងការធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចឌីជីថលនិងការជួយសម្របសម្រួលដល់អាជីកម្មទទួលយកដំណោះស្រាយឌីជីថលនិងការ និងការធានាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារពិភពលោក ដែកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕