CDC៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC បានបើកកិច្ចប្រជុំសិក្សាលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ដែលទទួលខុសត្រូវលើការសាងសង់លើគម្រោងនេះ ធ្វើបទបង្ហាញទៅកាន់គណៈកម្មការអន្តរក្រសួង។
នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group អំពីគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ដើម្បីពិនិត្យស្នើសុំធាតុចូលបន្ថែមលើគម្រោងទាំងពីរនេះ។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDCបានឱ្យដឹងថា ក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group បានធ្វើបទបង្ហាញអំពីទស្សនាទាននៅទីក្រុងភ្នំពេញរួមមានទំហំទីក្រុង ចំនួនប្រជាពលរដ្ឋ ស្ថានភាពនៃការប្រើប្រាស់ផ្លូវថ្នល់ ក៏ដូចជាពិនិត្យលទ្ធភាពដំបូងលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។


Leave a Reply

Your email address will not be published. Required fields are marked *