ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានរៀបចំនូវព្រឹត្តិការណ៍ព្រះរាជពិធីប្រារព្ធមហាមីទ្ទិញអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍នោះផងដែរគេបានឃើញមហាជនយ៉ាងច្រើនកុះករមានមន្រ្តីរាជការ លោកគ្រូអ្នក គ្រូ កងកម្លំាងគ្រប់ប្រភេទ និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន បានឈរទៅតាមផែនរៀងៗខ្លួន នៅមុខព្រះបរម រាជវំាង។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានសម្តែងនូវការសប្បាយរីករាយក្នុងការចូលរួមក្នុងព្រះរាជពិធីមីទ្ទិញអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ដែលតែងតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជារាស្រ្តជាធំ ជាពិសេសជួយឱ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ។
មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាបានលើកហត្ថប្រណម្យបួងសួងដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅទាំងអស់គ្នា តរៀងទៅ។
នៅក្នុងព្រះរាជពិធីដ៏មហោឡារឹកនេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបាមានព្រះរាជបន្ទូលថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល បងប្អូនជនរួមជាតិទំាងអស់ ដែលបានចូលរួមនិងរៀបចំរាជពិធីប្រារព្ធមហាមីទ្ទិញអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះអង្គយ៉ាងមហោឡា រឹក អធិកអធមក្រៃលែង។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសម្តែងការកោតសរសើរចំពោះសម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ ដឹកនាំតាមក្រសួងស្ថាប័ន ដែលបានផ្តួចផ្តើមរៀបចំព្រះរាជពិធីនេះ ក្នុងឱកាសដែលព្រះរាជាណាចក្រ កម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិ ត្រូវបានធានាពេញលេញ និងស្រប ពេលដែលរាជរដ្ឋាភិបាលអណត្តិទី៧កំពុងបំពេញការងារបានយ៉ាងសកម្មតាមតួនាទីរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ សម្រេចជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គដាក់រាជសម្បត្តិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ ហើយព្រះរាជពិធីរៀបអភិសេកព្រះមហាក្សត្រឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលគិតមកដល់ឆ្នាំ២០២៤នេះ មានរយៈពេល២០ឆ្នាំហើយ៕


Leave a Reply

Your email address will not be published. Required fields are marked *