ភ្នំពេញ៖ ដើម្បីជំរុញអោយការជួសជុស និងស្ថាបនា ផ្លូវបេតុងនេះឡើងវិញ ទទួលបានគុណភាព ស្របតាមស្តង់ដាបច្ចេកទេសនោះ នាវេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលានេះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យមើលការដ្ឋាននេះ ដើម្បីពន្លឿនការជួសជុលនិងបានណែនាំអោយក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះធ្វើអោយបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។

ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះដែរ បានណែនាំអោយក្រុមកាេងារ យកចិត្តទុកដាក់អនុវត្តការងារនេះ អោយបានល្អ ចំពោះទីតាំងផ្លូវបេតុងដែលបាក់យើងបានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ វាមិនមានបញ្ហាត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ ស្រុតច្រាំងប្រឡាយដែរ ដូច្នេះស្នើអោយក្រុមការងារបន្តជីកាយ យកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំអោយបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ យើងចាក់ផ្លូវបេតុងដូចមុនតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា៖ អនុវត្តតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង ក្រុមការងារបានសម្រុកអនុវត្តការងារ ជួសជុស ស្ថាបនាផ្លូវបេតុងនេះឡើងវិញយ៉ាងយកចិត្តទុកដាក់ ដោយយើងបានកាយដីស្អុយខាងក្រោមចេញអស់ ចាក់ខ្សាច់ចូល រួចកិនបង្ហាប់ ទោះទឹកហូរច្រោះ ខាងក្រោមក៏មិនមានបញ្ហាដែរ ព្រោះយើងបានជីកយកដីស្អុយចេញអស់ រហូតដល់ស្រទាប់ដីរឹងហើយ។
គួរបញ្ជាក់ថា៖ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ស្រុតជាបណ្តើរៗ កាលពីថ្ងៃទី២៣កញ្ញាកន្លងមកនេះ។ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីកាលណោះ ឯកឧត្ដមបានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តខេត្តមណ្ឌលគីរីឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ នេះភ្លាមៗ ពោលគឺក្រោយពីឯកឧត្ដមបានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងការធ្វើទស្សនៈកិច្ចមើលបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគីរី។
ក្នុងចុះពិនិត្យកាលណោះ ឯកឧត្ដមឃួង ស្រេង បានណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញភ្លាមៗ។ កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន(ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះ គឺដោយសារភ្លៀងធ្លាក់ខ្លាំងនិងជាប់គ្នាច្រើនថ្ងៃ ទើបបណ្ដាលអោយទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង៕


Leave a Reply

Your email address will not be published. Required fields are marked *