ភ្នំពេញ ៖ ក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែចុងក្រោយនេះ គម្រោងវិនិយោគសរុប៣៤៦គម្រោងត្រូវបានអនុម័ និងបានបង្កើតឱកាសការងារជាច្រើនកន្លែងផងដែរ។ ជាមួយគ្នានោះ
ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣។
ឯកឧត្តម បានបន្តថា កំណើននៃទំហំពាណិជ្ជកម្មនេះបានមកជាអាទិ៍ ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេសទៅកាន់ប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌូណេស៊ី ឡាវនិងប្រទេសឥណ្ឌា។
ឯកឧត្តម បានបន្តទៀតថា ចំពោះការទាក់ទាញវិនិយោគបរទេសវិញ ក្នុងរយៈពេល៣ខែចុងក្រោយនេះ ពីខែសីហាដល់តុលា ២០២៤, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន១២២ ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន៥៤គម្រោង។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ គម្រោងចំនួនជិត៣៥០គម្រោងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត ដែលមានទុនវិនិយោគប្រមាណ៥,៥ប៊ីលានដុល្លារ។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា លទ្ធផលស្តែង ទាំងនៅលើវិស័យពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍ ជាការពិតនាំមកនូវសុទិដ្ឋិនិយមនិងនាំមកនូវជំនឿជឿជាក់ថា បន្តអនុវត្តការទូតសេដ្ឋកិច្ចឱ្យកាន់តែសកម្ម និងបែបឆ្លាតវៃ គឺដើរលើផ្លូវត្រូវ គឺដើរលើផ្លូវត្រូវសំដៅទៅស្វែងរកប្រយោជន៍សេដ្ឋកិច្ចធំធេងឡើងជាលំដាប់ មកជូនប្រជាជាតិយើងនិងប្រជាពលរដ្ឋ៕