ក្រុមហ៊ុន Hyundai Motor Company បានប្រកាសតែងតាំងលោក Jose Munoz ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ដោយធ្វើឲ្យរូបលោកក្លាយជាជនបរទេសដំបូងគេដែលដឹកនាំក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់កូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Munoz វ័យ ៥៩ឆ្នាំ បានចូលបម្រើការងារជាមួយក្រុមហ៊ុន Hyundai ក្នុងឆ្នាំ២០១៩ ក្នុងនាមជាប្រធានប្រតិបត្តិការសកល ជាមួយនឹងការទទួលខុសត្រូវសម្រាប់ប្រតិបត្តិការផលិត នៅអាមេរិកខាងជើង និងខាងត្បូងរបស់ក្រុមហ៊ុន។ ពីមុនមកលោក ក៏ធ្លាប់បានធ្វើការនៅក្រុមហ៊ុន Nissan Motor Co អស់រយៈពេល ១៥ឆ្នាំ រួមទាំងតំណែងជាប្រធានក្រុមហ៊ុនរថយន្តនៅប្រទេសចិន ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Hyundai បាននិយាយថា បុរសដែលមានដើមកំណើតអេស្ប៉ាញរូបនេះ នឹងត្រូវចូលជំនួសតំណែង លោក Jaehoon Chang ដែលកំពុងត្រូវបានតែងតាំងឲ្យឡើងធ្វើជាអនុប្រធានផ្នែករថយន្តថ្មីរបស់ Hyundai ហើយការផ្លាស់ប្តូរនេះនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខ។

គួរឲ្យដឹងថាលោក Munoz នឹងត្រូវទទួលភារកិច្ចធំ ដើម្បីដឹកនាំក្រុមហ៊ុន Hyundai ឆ្ពោះទៅរកការផ្លាស់ប្តូរដ៏ធំមួយក្នុងឧស្សាហកម្មរថយន្តពិភពលោក ដែលកំពុងតែប្រឈមនឹងការធ្លាក់ចុះ ដោយសារតែការវិត្តន៍យ៉ាងឆាប់រហ័សនៃថយន្តអគ្គិសនី។

ជម្រាបជូនទៀតថា នៅក្នុងការផ្លាស់ប្តូរមុខតំណែងផ្សេងទៀត លោក Sung Kim ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Hyundai Motor ហើយលោក Jun Young Choi ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Kia Corporation ដែលបុត្រសម្ព័ន្ធ ខណ:លោក Euisun Chung នឹងបន្តកាន់តំណែងជានាយកក្រុមហ៊ុន Hyundai របស់ខ្លួនដដែល៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ