Giga Train ដែលជារថភ្លើងដើរថាមពលអគ្គិសនីដំបូងអង្អស់នៅលើពិភពលោក ត្រូវបានក្រុមហ៊ុន Tesla របស់មហាសដ្ឋី Elon Musk ដាក់ឲ្យដំណើរការជាលើដំបូង នៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
រថភ្លើង Giga Train បានចាប់ផ្តើមសាកល្បងដឹកជញ្ជូនអ្នកដំណើរជាលើកដំបូង ចេញពីពីស្ថានីយ៍ Erkner ទៅកាន់ Tesla Sud ដែលជាស្ថានីយ៍មានទីតាំងនៅក្នុងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ចម្ងាយប្រហែលជាង ៣០ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងប៊ែរឡាំង។
បច្ចុប្បន្ន រថភ្លើងដើរដោយថាមពលអគ្គិសនីនេះ អាចផ្ទុកមនុស្សសរុបចំនួន ៥០០នាក់ ជាមួយនឹងកៅអីអង្គុយចំនួន ១២០ ក៏ដូចជាមានកន្លែងសម្រាប់ដាក់កង់ និងរួមទាំងប្រព័ន្ធផ្តល់ព័ត៌មានសម្រាប់អ្នកដំណើរផងដែរ។ ហើយមិនត្រឹមតែបុគ្គលិករបស់ក្រុមហ៊ុន Tesla ប៉ុណ្ណោះទេ ប៉ុន្តែអ្នកដំណើរធម្មតាដែលជិះរថភ្លើងនេះ ក៏មិនគិតថ្លែចំណាយផងដែរ។
គួរឲ្យដឹងថា Giga Train រំពឹងថានឹងដឹកជញ្ជូនបុគ្គលិកចំនួន ៤ ៥០០នាក់ក្នុងមួយថ្ងៃ ទាំងទៅ និងមកពីរោងចក្រ Tesla ចំនួន ៣លើក ស្របពេលចំនួននៃការដឹកជញ្ជូនមនុស្សនិងកើនឡើងបន្ថែមទៀត នៅពេលចំណតផ្សេងទៀតនឹងត្រូវបានបន្ថែម ក្រោយការសាងសង់ត្រូវបានបញ្ចប់។
ទន្ទឹមនឹងនេះ លោកស្រី Theresa Eggler អ្នកគ្រប់គ្រងគម្រោងនៅ Tesla បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ rbb24 ថា ៖ “យើងមានសេចក្តីរីករាយ នៅពេលដែលរថភ្លើងរបស់ Tesla ឥឡូវនេះអាចដើរដោយថាមពលអគ្គិសនី ព្រោះវាមានលក្ខណៈសាមញ្ញជាមួយនឹងបេសកកម្មរបស់ក្រុមហ៊ុនរបស់យើង ដើម្បីពន្លឿនដល់ការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ” ។
មិនតែប៉ុណ្ណោះ លោកស្រី Eggler បន្ថែមឲ្យដឹងទៀតថា រថភ្លើងនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការបំពុលកាបូនឌីអុកស៊ីតបានរហូតដល់ទៅ ៥០ តោន បើប្រៀបធៀបទៅនឹងរថភ្លើងប្រភេទផ្សេងទៀត៕