បរទេស៖ក្រុមហ៊ុនផលិតរថយន្ត Ford Motor កំពុងសម្លឹងរកមើលការលុបបំបាត់ការងារចំនួន៤ពាន់កន្លែងទៀតនៅក្នុងទ្វីបអឺរ៉ុប ចំពេលនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីនៅតំបន់នេះកំពុងធ្លាក់ចុះ។ ជាមួយគ្នានេះ ក្រុមហ៊ុនរថយន្តរបស់អាល្លឺម៉ង់ វ៉ូលស្វាហ្គេន (Wolkswagen) គ្រោងនឹងជួបចរចាជាមួយកម្មករជុំវិញបញ្ហាប្រាក់ឈ្នួល និងការបិទរោងចក្រនៅអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ក្រុមហ៊ុនផលិតរថយន្ត Ford Motor របស់អាម៉េរិកគ្រោងនឹងកាត់បន្ថយការងារចំនួន៤ពាន់កន្លែងនៅអឺរ៉ុប ដែលស្មើនឹង១៤% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុន Ford នៅតំបន់នេះ ចំពេលតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីកំពុងធ្លាក់ចុះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការជាចម្បងនៅប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស នៅចុងឆ្នាំ២០២៧។

លោក John Lawler ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Ford បាននិយាយថា ការកាត់បន្ថយការងារនៅទ្វីបអឺរ៉ុប និងអាល្លឺម៉ង់នេះ គឺជាវិធានការមួយច្បាស់លាស់មិនអាចប្រកែកបាន ដើម្បីជំរុញឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួន។ ផែនការកាត់បន្ថយបុគ្គលិកនេះ ធ្វើឡើងចំពេលទីផ្សាររថយន្តរបស់ក្រុមហ៊ុន Ford នៅអឺរ៉ុប បានធ្លាក់ចុះពី៤,១% នៅឆ្នាំ២០២៣ មកនៅត្រឹម៣,៣% នៅឆ្នាំនេះ និងចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងឧស្សាហកម្មមួយនេះ។ នេះបើតាមសមាគមក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ