ប្រទេសកម្ពុជាអាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនជាមួយប្រទេសជិតខាង និងបំពេញតាមចក្ខុវិស័យរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។
យោងតាមការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ក្រោមចំណងជើងថា“ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន” ដែលបានចេញផ្សាយនៅថ្ងៃទី២១ខែវិច្ឆិកានេះ បានកំណត់បញ្ហាប្រឈមសំខាន់ៗក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ព្រមទាំងស្នើឱ្យធ្វើការវិនិយោគ និងដាក់ចេញវិធានការគោលនយោបាយតាមគោលដៅ សម្រាប់កែលម្អការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា “ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា។ ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់យើង។ អាទិភាពទាំងនេះ អាចជួយពង្រឹងជំហររបស់កម្ពុជាឱ្យដើរតួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក”។
រដ្ឋាភិបាលកម្ពុជាបានបង្កើត “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” (CITLS) ដើម្បីបង្កើនមុខងារ និងប្រសិទ្ធផលនៃវិស័យដឹកជញ្ជូន និងគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ស្របតាមការកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១។
របាយការណ៍របស់ធនាគារពិភពលោក បានលើកអនុសាសន៍បន្ថែមសម្រាប់ផែនការ CITLS ដោយផ្តោតលើភាពចាំបាច់នៃការវិនិយោគ និងសកម្មភាពគោលនយោបាយជាបន្ទាន់មួយចំនួន សម្រាប់បើកឱកាសនៅតាមច្រករបៀងដឹកជញ្ជូនសំខាន់ៗក្នុងប្រទេសកម្ពុជា។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ការសិក្សានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកជម្រើសនានា ដើម្បីទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃវិស័យដឹកជញ្ជូន និងការតភ្ជាប់ក្នុងតំបន់របស់កម្ពុជា”។
លោកស្រីបន្តថា “វិធានការដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងជួយកែលម្អការប្រកួតប្រជែងរបស់កម្ពុជា រួមទាំងការទាញយកសក្តានុពលនៃការដឹកជញ្ជូនរបស់ខ្លួន និងការលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងតំបន់”។
ការពឹងផ្អែកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើការនាំចេញ បាននាំឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់ការធ្វើចរាចរណ៍ទំនិញក្នុងទំហំកាន់តែធំ និងឱ្យកាន់តែមានប្រសិទ្ធផល នៅតាមបណ្តាញផ្លូវដឹកជញ្ជូនក្នុងផ្ទៃប្រទេស និងឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។
របាយការណ៍នេះបានស្នើឱ្យមានការវិនិយោគជាអាទិភាព និងវិធានការគោលនយោបាយមួយចំនួន សម្រាប់កែលម្អការបំពេញមុខងាររបស់ប្រព័ន្ធដឹកជញ្ជូនផ្លូវដី ផ្លូវដែក និងផ្លូវទឹកក្នុងផ្ទៃប្រទេស ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ការមានវិធីសាស្ត្រមួយគ្រប់ជ្រុងជ្រោយ និងមានសម្របសម្រួលល្អក្នុងការអភិវឌ្ឍបណ្តាញដឹកជញ្ជូន អមដោយការផ្តោតលើភាពធន់ទៅនឹងអាកាសធាតុផង នឹងជួយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរឡើង, បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់៕