វៀតណាម៖ មហាសេដ្ឋីអចលនទ្រព្យវៀតណាម លោកស្រីជុង មីឡាន(Truong My Lan) ដែលតុលាការក្រុងហូជីមិញបានកាត់ទោសប្រហារជីវិតពីបទ ការក្លែងបន្លំលើទឹកប្រាក់រាប់សិបពាន់លានដុល្លារអាម៉េរិកនោះ បានស្នើសុំដល់តុលាការបន្ធូបន្ថយស្ថានទម្ងន់ទោសដល់រូបលោកស្រី ដោយបានលើកឡើងកាលពីថ្ងៃអង្គារថា លោកស្រីនឹងព្យាយាមសងបង្វិលលុយទំាងអស់នោះមកវិញ ចំពោះអ្វីដែលបានលួចបន្លំកន្លងមក។

លោកស្រី ជុង មី ឡាន មានអាយុ៦៨ឆ្នំាជាអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យមួយ ត្រូវបានគេរកឃើញកំហុស ហើយកាត់ទោសកាលពីដើមឆ្នំានេះពីបទក្លែងបន្លំបោកប្រាស់លុយពីធនាគារពាណិជ្ជសៃហ្គន់ ឬហៅកាត់ថា (SCB) ខណៈដែលរដ្ឋអាជ្ញាបានលើកឡើងថា លោកស្រីបានកាន់កាប់ និងក្លែងបន្លំលួចលើទំហំទឹកប្រាក់ប្រមាណជា២៧ពាន់លានដុល្លារអាម៉េរិក ដែលគេចាត់ទុកថា នេះជាករណីអំពើពុករលួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវៀតណាម។

នៅក្នុងសារលិខិតថ្លែងចុងក្រោយរបស់លោកស្រី នៅមុនពេលតុលាការប្រកាសសាលក្រមនោះ លោកស្រី ឡាន បានរៀបរាប់ថា មានតែកូនស្រីរបស់ខ្ញុំតែម្នាក់គត់ដែលត្រូវសងបំណុលចំពោះធនាគាររដ្ឋ និងប្រជាជនវៀតណាមឬហៅកាត់ថា(SBV)។ ខ្ញុំមិនគិតថា វាខូចខាតចំពោះរូបនាងខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំកំរិតណានោះទេ។ លោកស្រីបានបន្តទៀតថា ខ្ញុំមានអារម្មណ៍ឈឺចុកចាប់ ដោយសារតែភាពខ្ជះខ្ជាយនៃធនធានជាតិ ខ្ញុំមានអារម្មណ៍អាម៉ាស់ខ្លំាងណាស់ ខ្ញុំរងភាពអាម៉ាស់ដោយសារតែការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនេះ។

គួររំលឹកថា លោកស្រី ឡាន បានបង្កើតនូវក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយមានឈ្មោះថា វាន ធីញ ហ្វាត(Van Thinh Phat) ដែលពេលនោះហើយនំាឱ្យមានមនុស្សរាប់សិបពាន់ម៉ឺននាក់បានដាក់ប្រាក់សន្សំ លុះក្រោយមកប្រាក់របស់ពួកគេបានបាត់ចេញពីធនាគារ(SCB)ជាបន្តបន្ទាប់ បង្កឱ្យមានភាពស្រឡំាងកំាងដល់បក្សកំម្មុយនិស្ត រហូតឈានដល់មានការផ្ទុះនូវការតវ៉ាដ៏កម្រមួយកើតឡើងពីសំណាក់ជនរងគ្រោះ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ