ថ្លែងប្រាប់អ្នកសារព័ត៌មាន ជុំវិញការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ អាទិភាពទី៦ ក្នុងវិស័យកសិកម្ម គឺមានផែនការ និងដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១,៦០០នាក់ នៅគ្រប់ឃុំ សង្កាត់ដែលមានសក្កានុពលកសិកម្មនៅទូទាំងប្រទេស។
លោកបន្តថា ការប្រឡងកាលពីពេលថ្មីៗនេះជាជំហានទី២ ពីព្រោះជំហានទី១ បានពង្រាយចំនួន ២៥០នាក់រួចមកហើយ នៅ ១៧ខេត្ត ហើយចំនួនបន្ទាប់នេះ គឺដាក់ពង្រាយនៅគ្រប់ ២៤ខេត្ត រើសបាន ១,០០០នាក់បន្ថែមទៀត ធ្វើឱ្យចំនួនសរុបឡើងដល់ ១,២៥០នាក់ នៅសល់ ៣៥០នាក់ នឹងគ្រោងរើសនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍន៍វិស័យ កសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ដោយក្នុងនោះអាទិភាពទី៥ និងទី៦ គឺជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ១, ការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងស្ថិរភាពតម្លៃកសិផល ២, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីបង្ខិតការផ្តល់សេវា ឲ្យកាន់តែជិតកសិករ និង៣, ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ