(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨% ខណៈការនាំចូលមានជិត ២៦ពាន់លានដុល្លារ កើនឡើង១៧.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។
ចំណែកប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។
សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅតែជាទីផ្សារសំខាន់របស់កម្ពុជា និងផ្ដល់តម្លៃខ្ពស់ ពីព្រោះរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការនាំចេញទៅកាន់ទីផ្សារអាមេរិក មានទំហំច្រើនជាង ៨ពាន់លានដុល្លារអាមេរិក ទំហំធំនេះអាស្រ័យលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលជាច្រើនផ្សេងទៀត។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម មានវិធានការត្រៀមបម្រុង យើងបានប្រើប្រាស់នៃជម្រើសរបស់យើង គឺការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដៃគូផ្សេងទៀត ជាមួយគោលការណ៍ពង្រឹងទីផ្សារចាស់ ពង្រឹងទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប និងពង្រីកទីផ្សារថ្មីៗ ក្រោមរូបភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕