ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xiaomi បានប្រកាសជាផ្លូវការនូវរថយន្តអគ្គិសនី (EV) ម៉ូដែលបន្ទាប់របស់ខ្លួនគឺ YU7 ដែលគ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ជាពិសេសនៅអំឡុងខែមិថុនា ដល់ខែកក្កដាខាងមុខនេះ។ នេះបើយោងតាមការចុះបញ្ជី MIIT និងចេញផ្សាយដោយ ArenaEV។
យោងតាមការចុះបញ្ជី MIIT ត្រូវបានគេរំពឹងថា រថយន្តអគ្កិសនីម៉ូដែលថ្មីនេះ នឹងត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រូនិចចំនួនពីរ ដែលរួមបញ្ចូលគ្នាកម្លាំង 508 kW ក្នុងនោះម៉ូទ័រខាងមុខមានកម្លាំង 220 kW ខណៈពេលដែលម៉ូទ័រខាងក្រោយនឹងមាន 288 kw អាចរត់បានល្បឿន 253 km/h។ យ៉ាងណាជុំវិញព័ត៌មានលម្អិតទាក់ទិននឹងរថយន្តនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែត្រូវបានប្រភពបង្ហើបថា នឹងប្រើប្រាស់អាគុយលីចូម-អ៊ីយ៉ុងដែលមានប្រភពមកពី CATL។
គួរជម្រាបថា រថយន្តអគ្គិសនី YU7 មានប្រវែង 4,999 mm, ទទឹង 1,996 mm, កំពស់ 1,600 mm (មីលីម៉ែត្រ) និងទម្ងន់ 2,405 kg ខណៈដែលរូបរាងឌីហ្សាញវិញគឺ មានលក្ខណៈស្រដៀងគ្នានឹងរថយន្ត SU7៕