នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលរាជធានី-ខេត្តនៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ មានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស និងសិក្ខាកាមជាច្រើនរូប។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបដោយលោកជំទាវ ដាំ ដារីនី អនុប្រធានស.ស.យ.ក. និងជាប្រធានកម្មវិធី «មនសិការពលរដ្ឋល្អ» រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងអំពីគោលបំណងនៃកម្មវិធីដែលនឹងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជន។ ផ្សាភ្ជាប់ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកពីបញ្ហាដែលកើតឡើងក្នុងសង្គម ដែលទាមទារឱ្យយើងទាំងអស់គ្នាមានការចេះយោគយល់ អធ្យាស្រ័យ ដើម្បីទទួលបាននូវភាពសុខដុមក្នុងនាមជាខ្មែរ។ ផ្សាភ្ជាប់ជាមួយនឹងទិដ្ឋភាពប្រកួតបាល់ទាត់ថ្មីៗនេះ ឯកឧត្តម សំណូមពរឱ្យមានការលើកទឹកចិត្តទៅដល់កីឡាករ កីឡាការនីគ្រប់ៗរូប ទោះបីជាពួកគាត់ធ្វើបានល្អ ឬមិនល្អក្តី ប៉ុន្តែពួកគាត់ពិតជាបានខំប្រឹងដើម្បីជាតិ។ ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីដែលស.ស.យ.ក. រៀបចំ ក្នុងនោះក៏មានកម្មវិធីមនសិការពលរដ្ឋល្អផងដែរ តែងតែនាំមកនូវការជួបជុំ ការរួបរួមគ្នា បង្កើតជាភាពកក់ក្តៅ និងសាមគ្គីភាពក្នុងសង្គមជាតិខ្មែរ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ និងការគាំទ្រកន្លងមករបស់ ស.ស.យ.ក. ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាពយុវជន ក៏ដូចជាលើកស្ទួយវិស័យអប់រំនៅកម្ពុជា ជាពិសេសលើគំនិតផ្តួចផ្តើមក្នុងការបង្កើតសិក្ខាសាលា”មនសិការពលរដ្ឋល្អ” នេះឡើង។ ឯកឧត្តមបានបន្តលើកឡើងថា រាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍយុវជនលើគ្រប់វិស័យ ទាំងចំណេះដឹង ចំណេះធ្វើ សុខុមាលភាព កាយសម្បទា សីលធម៌ និងការរស់នៅថ្លៃថ្នូរ ជាពិសេសមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអប់រំយុវជនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបន្តទៀតថា សិក្ខាសាលានេះនឹងនាំឱ្យសិក្ខាកាមទាំងអស់យល់ដឹងអំពីខ្លួនឯង សង្គម ក៏ដូចជាពិភពលោកទាំងមូល ដើម្បីកសាងនូវជោគជ័យឈានទៅមុខ។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ