នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Yang Jie នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនស្ពាន-ថ្នល់ចិន (CRBC) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តវិស័យអាទិភាព ជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ លើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ និងពង្រឹងការចូលរួមចំណែកពីវិស័យឯកជន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) អំពីអាទិភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ជាពិសេសអំពីសក្តានុពលទឹកដែលមាន សម្រាប់បម្រើការស្រោចស្រពផ្ទៃដីប្រមាណ ២លានហិកតា ព្រមទាំងបានបញ្ជាក់ពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ឱ្យបន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក និងឧតុនិយម ដោយផ្តោតការគិតគូរជាយុទ្ធសាស្ត្រការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានេះ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) លោក Yang Jie បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុននេះជាក្រុមហ៊ុនសាជីវកម្មខ្នាតធំរបស់រដ្ឋ ដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ដោយមានសាខាក្រៅប្រទេសសរុបចំនួន៦៩។ ដោយឡែក សាខានៅប្រទេសកម្ពុជា បានចាប់ដំណើរការក្នុងឆ្នាំ២០០១ គិតរហូតមកដល់ពេលនេះមានរយៈពេល ២៣ឆ្នាំ ហើយក្រុមហ៊ុនបានអនុវត្តគម្រោងចំនួន២៨ ក្នុងនោះប្រមាណ ៦០%នៃគម្រោងអនុវត្ត ទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ គម្រោងសំខាន់ៗដែលបានអនុវត្តមានដូចជា ស្ពានមិត្តភាពកម្ពុជាចិនជ្រោយចង្វារ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងផ្លូវជាតិលេខ ១៤៦B និង លេខ១៤៨ ជាដើម។
ទន្ទឹមនឹងនេះ ក្នុងកិច្ចជំនួប តំណាងក្រុមហ៊ុនក៏បានស្នើសុំទិន្នន័យធនធានទឹក និងធារាសាស្ត្រមួយចំនួន ព្រមទាំងស្នើសុំកិច្ចសហប្រតិបត្តិការលើការងារសិក្សារៀបចំគ្រោងប្លង់លម្អិតវិស្វកម្មនៃគម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម