ស្វីស៖ រដ្ឋាភិបាលស្វីសបាននិយាយកាលពីថ្ងៃពុធថា បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៩៩លានហ្វ្រង់ស្វីស (ស្មើនឹង 112 លានដុល្លារ) របស់ស៊ីរីត្រូវបានបង្កកនៅក្នុងប្រទេសស្វីស ដែលភាគច្រើនត្រូវបានបង្កកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រយទ័រ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤។
លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (Seco) បាននិយាយថា ភាគច្រើននៃចំនួនទ្រព្យសម្បត្តិសរុបត្រូវបានបង្កកចាប់តាំងពីប្រទេសស្វីសបានអនុម័តការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសស៊ីរីក្នុងខែឧសភា ឆ្នាំ ២០១១។
ប្រទេសស្វីសនៅសប្តាហ៍នេះបានបន្ថែមមនុស្សបីនាក់ទៀតទៅក្នុងបញ្ជីទណ្ឌកម្មដែលទាក់ទងនឹងស៊ីរី បន្ទាប់ពីមានចំណាត់ការរបស់សហភាពអឺរ៉ុប។អ្នកនាំពាក្យ Seco បានប្រាប់រ៉យទ័រថា “បច្ចុប្បន្នមានបុគ្គលចំនួន ៣១៨ និងអង្គភាពចំនួន ៨៧ នៅក្នុងបញ្ជីដាក់ទណ្ឌកម្ម” ដោយបដិសេធមិននិយាយថាតើប្រទេសស្វីសបានបង្កកទ្រព្យសម្បត្តិណាមួយរបស់ប្រធានាធិបតីស៊ីរីគឺលោក Bashar al-Assadដែលត្រូវបានបណ្តេញចេញពីតំណែង ដែរឬទេ។
ក្នុងនោះ ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសស្វីសធ្លាប់បានរារាំងទ្រព្យសម្បត្តិស៊ីរីដែលមានតម្លៃ ១៣០លានហ្វ្រង់ស្វីស (147 លានដុល្លារ) ៕