អាមេរិក៖ លោក Donald Trump បានជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៤ របស់ទស្សនាវដ្តី Time ដែលនេះក៏ដោយសារតែលោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក វិលត្រឡប់ចូលទៅអង្គុយកៅអីនៅក្នុងសេតវិមានសាជាថ្មី។
នេះជាលើកទី៣ហើយដែលលោក Donald Trump លេចវត្តមានលើគម្របទស្សនាវដ្តី Time ក្នុងឆ្នាំ២០២៤។ យ៉ាងណា ចំពោះលោក ត្រាំ គាត់មិនដែលពេញចិត្តចំពោះទស្សនាវដ្តីនេះទេ ដោយតែងតែរិះគន់ថា Time ជ្រើសរើសបុគ្គលឆ្នើមមិនត្រឹមត្រូវ។
ទស្សនាវដ្តី Time សរសេរថា «តាំងពីចាប់ផ្តើមឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ២០១៥ ប្រហែលជាគ្មានបុគ្គលណា ដើរតួនាទីក្នុងការផ្លាស់ប្តូររបត់នយោបាយនិងប្រវត្តិសាស្រ្ត ធំជាងលោក Donald Trump នោះទេ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជម្រើសនោះគឺជារឿងដ៏លំបាកមួយ»។
សូមបញ្ជាក់ថា ទស្សនាវដ្តី Time ចាប់ផ្តើមជ្រើសរើសបុគ្គលឆ្នើមប្រចាំឆ្នាំចាប់តាំងពីឆ្នាំ១៩២៧មក ប៉ុន្តែដើមឡើយគេហៅថា «បុរសប្រចាំឆ្នាំ» មិនមែនបុគ្គលឆ្នើមទេ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ Time ភាគច្រើនគឺតែងជ្រើសរើសថ្នាក់ដឹកនាំនយោបាយ អ្នកច្នៃប្រឌិតបង្កើតថ្មី និងឥស្សរជនវប្បធម៌ ឲ្យក្លាយជាម្ចាស់ជយលាភី៕