នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូសរុបចំនួន ៤៦៦នាក់ នៅសាលាស្រុកស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជោគជ័យរបស់ប្អូនៗទាំងអស់នាពេលនេះ គឺមួយផ្នែកកើតចេញពីសមត្ថភាពរបស់ប្អូនៗផ្ទាល់ (អ្នកចេះ, ទើបជាប់), មួយផ្នែក គឺការបង្ហាត់បង្រៀន និងណែនាំពីលោកគ្រូ អ្នកគ្រូលោកនាយក គណៈគ្រប់គ្រងសាលា ដែលខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការអប់រំណែនាំ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់គ្នា តួយ៉ាង កត្តាមនុស្ស, ធនធានមនុស្ស, ពិសេសមូលធនមនុស្ស គឺជាកត្តាកំណត់ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះដូច្នេះគឺទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះតួអង្គដែលមិនអាចខ្វះបាន គឺលោកគ្រូ អ្នកគ្រូ ដែលជាអ្នកផ្តល់ចំណេះដឹង និងចែករំលែកបទ ពិសោធ, ជាពិសេសការរួមចំណែកពីប្អូនៗសិស្សានុសិស្សដែលមានវត្តមាននៅពេលនេះផងដែរ ដែលជាទំពាំងស្នងឬស្សី និងធនធានបន្តវេនប្រកបដោយថាមភាព និងសាកសមជាអ្នកបន្តវេនជំនាន់ថ្មី និងជាគ្រាប់ពេជ្ររបស់កម្ពុជា នាពេលខាងមុខ។


Leave a Reply

Your email address will not be published. Required fields are marked *