ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន៥ផ្សេងៗគ្នា ដែលមួយចំនួនកំពុងវិនិយោគនៅកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន៥ផ្សេងៗគ្នា ជាបន្តបន្ទាប់បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមមាន៖

១. លោក Eui-sun Chung ប្រធានក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានអាជីវកម្មផលិតរថយន្តច្រើនប្រភេទរួមមានប្រភេទរថយន្តគ្រួសារ, រថយន្តដឹកទំនិញ, រថយន្តក្រុង, រថយន្តប្រភេទSUVs, MPV, និងអ៊ីដ្រូសែន, តួខ្សែថាមពល, និងគ្រឿងបន្លាស់រថយន្តជាដើម។ ក្រុមហ៊ុននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Camko Motor Co., Ltd. ដែលបានវិនិយោគបង្កើតរោងចក្រដំឡើង និងផលិតគ្រឿងបង្គំអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា លើទំហំផ្ទៃដីប្រមាណ១៦,៥ហិកតា តាំងពីឆ្នាំ២០០៩។

២. លោក Kyung-shik Sohn ប្រធានក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារ, ការកំសាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ភស្ដុភារកម្ម, និងបច្ចេកវិទ្យាជីវសាស្រ្ត(Biotechnology)។ ក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង ដែលបង្កើតផលប័ត្រអាជីវកម្ម (Business portfolio) របស់ខ្លួនដោយផ្តោតទៅលើវិស័យចំនួន ៤គឺ វិស័យម្ហូបអាហារនិងសេវាកម្មម្ហូបអាហារ, បច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology), ការកំសាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, និងការលក់រាយនិងភស្ដុភារកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងមានដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើការវិនិយោគកែច្នៃចំណីសត្វ រួមមានចំណីសត្វជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

៣. លោក Joo-Bong Park ប្រធានក្រុមហ៊ុន DAEJOO KC Group គឺជាក្រុមហ៊ុនដែលធ្វើអាជីវកម្មលើឧស្សាហកម្មដែក, ភស្តុភារកម្ម, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, និងឧស្សាហកម្មសំណង់និងថាមពលជាដើម។ ក្រុមហ៊ុននេះ មានប្រតិបត្តិការនៅកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺក្រុមហ៊ុន CAMKO INFRACORE CO., LTD ដែលបានចុះបញ្ជីពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ដោយមានប្រតិបត្តិការអាជីវកម្មជោគជ័យក្នុងការផ្តល់សេវាថែទាំរថយន្តម៉ាក Hyundai, ការលក់គ្រឿងបន្លាស់រថយន្ត និងការចែកចាយផលិតផលថែរក្សាសម្រស់របស់កូរ៉េ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកកម្ពុជាចំនួនប្រមាណ ៤០នាក់។

៤. លោក Hee-beom Lee ប្រធានក្រុមហ៊ុន Booyoung Group ដែលជាក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនរួមមាន វិស័យអចលនទ្រព្យ (សាងសង់ខុនដូ បុរី សណ្ឋាគារ ទីលានវាយកូនហ្គោល) សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

៥. លោកបណ្ឌិត Chang Dae-Whan ប្រធានក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីឱកាសវិនិយោគ សក្ដានុពលរបស់ប្រទេសកម្ពុជា និងការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការសម្របសម្រួលវិនិយោគិន ដែលទាំងនេះជាធាតុចូលដ៏សំខាន់ ដែលក្រុមហ៊ុនអាចពិនិត្យក្នុងការដាក់ទុកវិនិយោគនៅកម្ពុជា៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


Leave a Reply

Your email address will not be published. Required fields are marked *