អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានបើកទទួលស្វាគមន៍ជើងហោះហើរក្នុងស្រុក ជាលក្ខណៈជួល (Charter/ជើងហោះហើរជួល) ជាលើកដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ខណៈកាលពីថ្ងៃទី២៥ម្សិលមិញនេះ ក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។
សូមបញ្ជាក់ថា ការទទួលជើងហោះហើរដំបូងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ)សាកល្បងក្នុងស្រុកជំហានដំបូង រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង(តារាសាគរ)។ ដោយការហោះហើរនេះ ជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និង ឧស្សាហកម្មនៃខេត្តកោះកុង ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។

សូមបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់លើផ្ទៃដី២១៨ហិកតា ស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុន Union Development Group (UDG)។ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានផ្លូវយន្តហោះចុះប្រវែង ៣២០០ម៉ែត្រ និង ទទឹង៦០ម៉ែត្រ ដែលជាប្រភេទលំដាប់4E និង4F ។តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕


Leave a Reply

Your email address will not be published. Required fields are marked *