ប្រទេសចិន កាលពីពេលថ្មីៗនេះកន្លងទៅនេះ បានអនុម័តទៅលើការសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលជាការចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតារបស់ខ្លួន ដោយស្ថិតនៅ​ឯចុងភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​ យោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុន Power Construction Corp របស់ប្រទេសចិន ក្នុងឆ្នាំ២០២០ បានបង្ហាញឲ្យដឹងថា ទំនប់ដែលមានទីតាំងនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo នេះ អាចផលិតអគ្គិសនីបានរហូតដល់ទៅ ៣០០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

ចំនួននេះ នឹងច្រើនជាងបីដងនៃសមត្ថភាពផលិតបាន ៨៨,២ ពាន់លានគីឡូវ៉ាត់ម៉ោងរបស់ទំនប់ Three Gorges ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជាទំនប់អគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន។

ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូកន្លងទៅថា គម្រោងថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅកាបូន និងអព្យាក្រឹតភាពកាបូនរបស់ប្រទេសចិន ដោយជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងបង្កើតឱកាសការងារជាច្រើននៅក្នុងតំបន់ទីបេ ផងដែរ។

យ៉ាងណាមិញ អាជ្ញាធរចិន មិនបានបញ្ជាក់ទេថាតើមានមនុស្សប៉ុន្មាននាក់ដែលនឹងត្រូវផ្លាស់ទីលំនៅ ដោយសារតែគម្រោងដ៏ធំនេះ និងរបៀបដែលនឹងអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងស្រុក។ ប៉ុន្តែយោងតាមមន្ត្រីចិន គម្រោងទំបន់វារីអគ្គិសនីនៅទីបេនេះ នឹងមិនមានឥទ្ធិពលខ្លាំងទៅលើបរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមទន្លេនោះឡើយ។

ជម្រាបជូនផងដែរថា ការចំណាយលើការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំជាងគេបំផុតលើពិភពលោកនេះ ត្រូវបានប៉ាន់ប្រមាណថានឹងមានចំនួនច្រើនជាងទំនប់ Three Gorges ដែលមានតម្លៃជាង ២៥៤ពាន់លានយ៉ន់ (៣៤,៨ពាន់លានដុល្លារ)៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ