កូរ៉េខាងត្បូង៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-Mok កាលពីថ្ងៃចន្ទបានបញ្ជាអោយបើការស៊ើបអង្កេតបន្ទាន់ផ្នែកសុវិត្ថភាពមួយ ចំពោះប្រព័ន្ធប្រតិបត្តិអាកាសចរណ៍ទំាងមូលរបស់ប្រទេស ខណះដែលអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនរងគ្រោះ និង កំពុងស្វែងរកមូលហេតុដែលបង្កអោយមានគ្រោះមហន្តរាយដ៏អាក្រក់បំផុតនេះ។

យន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ដែលមកដល់ពីរដ្ឋធានីបាងកករបស់ប្រទេសថៃជាមួយនឹងអ្នកដំណើរ175នាក់ និងនាវិក 6 នាក់នៅលើនោះ បានព្យាយាមចុះចតភ្លាមៗបន្ទាប់ពីម៉ោង 9 ព្រឹកថ្ងៃអាទិត្យ នៅអាកាសយានដ្ឋាននៅភាគខាងត្បូងនៃប្រទេស។

ឧបទេ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅព្រលានយន្តហោះអន្តរជាតិ Muan នៅពេលដែលយន្តហោះនេះបានចុះចតដោយប្រើប្រាស់ផ្នែកពោះយន្តហោះដើម្បីចុះចត ខណះដែលកង់យន្តហោះមិនដំណើរការ និង មិនអាចទម្លាក់សម្រាប់ការចុះចតបាន និង បណ្តាលអោយយន្តហោះបន្តល្បឿនរបស់ខ្លួន រហូតដល់ផុតផ្លូវរត់របស់យន្តហោះ និង បានទៅបុកនឹងរនាំងជញ្ជាំងឥដ្ឋ ពេញមួយទំហឹង បង្កអោយមានអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ។ ឧបទេ្ទវហេតុនេះ បណ្តាលអោយមនុស្សចំនួន ១៧៩នាក់បានបាត់បង់ជីវិត និង នាវិក ២ នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ។

ក្នុងនោះផងដែរ លោកប្រធានាធិបតីស្តីទី បាននិយាយនៅក្នុងកិច្ចប្រជុំការគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុងសេអ៊ូលថា ការងារអាទិភាពបំផុតនៅពេលនេះគឺ ការកំណត់អោយបាននូវអត្តសញ្ញាណជនរងគ្រោះ ជួយឧបត្ថម្ភគាំទ្រក្រុមគ្រួសាររបស់ពួកគាត់ និង ការថែរក្សាព្យាបាលអោយបានល្អចំពោះជនរងគ្រោះដែលនៅរស់រានមានជីវិត។ លោកបានបន្តថា ទោះបីមុនពេលលទ្ធផលចុងក្រោយចេញក៏ដោយ យើងសុំឱ្យមន្ត្រីបង្ហាញតម្លាភាពនៃដំណើរការស៊ើបអង្កេតគ្រោះថ្នាក់ និងជូនដំណឹងភ្លាមៗដល់ក្រុមគ្រួសារនៃសព»៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ