លោក Chris Larsen   នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។  ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោក Chris Larsen បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកក៏បានជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។
ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ។ ដោយសម្ដេចធិបតីបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ ក្នុងន័យនេះ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀតផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ