រថភ្លើងដឹកទំនិញ ចំនួន ៣៦គ្រឿងបន្ថែមទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ (Royal Railway) របស់អ្នកឧកញ៉ា គិត ម៉េង បញ្ជារទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជានិងលើកដាក់ចុះពីនាវាដោយជោគជ័យ កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងបន្ថែមទៀត នូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងឱ្យមានប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន រ៉ូយាល់រេលវេ បានឱ្យដឹងថា រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៃប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយមានសមត្ថភាពពិសេសជាច្រើន សម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ រថភ្លើងដឹកទំនិញទាំងនេះ ជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។
មុនពេលដាក់ឱ្យបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង ៣៦គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្មចាប់ពីចុងខែធ្នូ ឆ្នាំ២០២៤នេះ ឬដើមខែមករា ឆ្នាំ២០២៥។
បើតាមក្រុមហ៊ុន រ៉ូយាល់រេលវេ បានឱ្យដឹងទៀតថា រថភ្លើងដឹកទំនិញថ្មីចំនួន ៤៤គ្រឿងទៀតនឹងគ្រោងមកដល់កម្ពុជានៅដើមខែមករា ឆ្នាំ២០២៥ ខណៈដែលទូបន្ថែមផ្សេងៗទៀតនឹងមកដល់ក្នុងប៉ុន្មានខែបន្ទាប់។ ការនាំចូលមកបន្ថែមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែធំ លើដំណោះស្រាយដឹកជញ្ជូនសម្រាប់ឧស្សាហកម្មក្នុងប្រទេស។
សូមជម្រាបថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន រ៉ូយាល់រេលវេ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាននាំចូលរថភ្លើងជាច្រើនពីបរទេស ទាំងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ។ ជាក់ស្តែង កាលពីខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនមួយនេះ ក៏បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុនផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ