រុស្ស៊ី៖ ក្រុមហ៊ុនថាមពល Gazprom ប្រកាសថា បំពង់បង្ហូរប្រេងឆ្លងកាត់អ៊ុយក្រែនត្រូវបានបិទនៅម៉ោង ៨ព្រឹកនៅទីក្រុងម៉ូស្គូ នៅថ្ងៃទី១ ខែមករា។ បើតាមក្រុមហ៊ុន Gazprom ដោយសារតែការបដិសេធរបស់ភាគីអ៊ុយក្រែនជាបន្តបន្ទាប់ ដែលមានភាពច្បាស់លាស់ជុំវិញការបន្តកិច្ចព្រមព្រៀងទាំងនេះ ក្រុមហ៊ុន Gazprom ត្រូវបានដកហូតនូវសមត្ថភាពបច្ចេកទេស និងផ្លូវច្បាប់របស់ខ្លួនក្នុងការផ្គត់ផ្គង់ឧស្ម័នក្នុងការដឹកជញ្ជូនឆ្លងកាត់ទឹកដីអ៊ុយក្រែនចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
ការបិទបំពង់បង្ហូរឧស្ម័ននឹងធ្វើឱ្យអ៊ុយក្រែនខាតបង់ប្រហែល១ពាន់លានអឺរ៉ូក្នុងថ្លៃដឹកជញ្ជូនប្រចាំឆ្នាំ ហើយក្រុមហ៊ុន Gazprom នឹងបាត់បង់ប្រាក់ចំណូលចំនួន ៥ពាន់លានអឺរ៉ូ។ បច្ចុប្បន្ន រុស្ស៊ីនៅតែនាំចេញឧស្ម័នទៅកាន់អឺរ៉ុបតាមបំពង់ TurkStream នៅលើសមុទ្រខ្មៅ។
រុស្ស៊ីបានដឹកជញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែនតាំងពីឆ្នាំ១៩៩១។ នៅដំណាក់កាលតម្រូវការខ្ពស់បំផុត ទីក្រុងម៉ូស្គូបានផ្គត់ផ្គង់ឧស្ម័នប្រហែល ៣៥ភាគរយទៅតំបន់អឺរ៉ុប។សហភាពអឺរ៉ុបបានងាកទៅរកប្រភពផ្គត់ផ្គង់ជំនួសពីកាតា និងអាម៉េរិក។ កិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឱ្យក្រុមហ៊ុន Gazprom កត់ត្រាការខាតបង់រហូតដល់ ៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ដែលជាការខាតបង់លើកដំបូងក្នុងរយៈពេលជាង ២៥ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ សមាជិកសហភាពអឺរ៉ុបមួយចំនួននៅភាគខាងកើតនៅតែពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់របស់រុស្ស៊ី។ អូទ្រីស និងស្លូវ៉ាគីនៅតែចំណាយប្រាក់សរុបប្រហែល ៥ពាន់លានអឺរ៉ូលើការទិញ។ ប្រទេសមួយចំនួននៅតំបន់អឺរ៉ុបក្រៅពីសហភាពអឺរ៉ុប ដូចជាម៉ុលដាវី ប្រឈមមុខនឹងហានិភ័យនៃការខូចខាតយ៉ាងខ្លាំង នៅពេលដែលបំពង់បង្ហូរប្រេងឆ្លងកាត់អ៊ុយក្រែនឈប់ដំណើរការ។
ទោះបីជាមានការត្រៀមខ្លួនរៀបចំ និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនួសឧស្ម័នរុស្ស៊ីក៏ដោយ ក៏អឺរ៉ុបនៅតែទទួលផលប៉ះពាល់ខ្លាំង។ ការកើនឡើងតម្លៃថាមពលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការប្រកួតប្រជែងឧស្សាហកម្មរបស់ទ្វីបនេះ បើធៀបនឹងអាម៉េរិក និងចិន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Gazprom តួរលេខនាំចេញឆ្នាំ២០២៣ មានបរិមាណច្រើនជាងបរិមាណដែលមានចែងក្នុងកិច្ចសន្យានាំចេញឧស្ម័នរបស់ក្រុមហ៊ុនជាមួយប្រទេសចិនតាមបំពុងបង្ហូរឧស្ម័ន Power of Siberia។ បរិមាណនាំចេញលើសកិច្ចសន្យានេះមានចំនួន ៧០០លានម៉ែត្រគូប ឬស្មើនឹង ៣,២ភាគរយ៕