ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅក្នុងខេត្តបាត់ដំបង មានមុខសញ្ញាក្មេងទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន៤៧៨នាក់ ស្មើនឹង១០០ក្រុម និងមុខសញ្ញាទោល១៤៩នាក់ដែលធ្លាប់មានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ២៣៣នាក់,គ្រឿងញៀន២៨នាក់,បង្កការអុកឡុក១១៧នាក់,បង្ហោះម៉ូតូ៩៣នាក់ និងគេចសាលា៧នាក់ ក្នុងនោះបង្រ្កាបបានក្នុងខែធ្នូ ឆ្នាំ២០២៤ ចំនួន៦ករណី ឃាត់ខ្លួន២០នាក់។
របាយការនេះត្រូវបានរាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២៤កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥កន្លងទៅ។
នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរនិងកងកម្លាំងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម សុខ លូ ណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបន្តដាំដើមឈើបន្ថែមទៀតនៅតាមទីប្រជុំជន ទប់ស្កាត់ និងលុបបំបាត់សំណង់អនាធិបតេយ្យ រុះរើរផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង រំដោះដីចំណីផ្លូវ បើកផ្លូវឱ្យបានទូលំទូលាយ ជំរុញការផ្សព្វផ្សាយលើកស្ទួយផលិតផលខ្មែរ ត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន។
ឯកឧត្តមអភិបាលខេត្ត ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុក់ដាក់បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងជំរុញរៀបចំឱ្យមានភូមិសដែលជាភូមិគ្មានគ្រឿងញៀននៅតាមមូលដ្ឋាន។
ឯកឧត្តម សុខ លូ ណែនាំឱ្យស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងយកចិត្តទុកដាក់លើការងារគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន។
សូមបញ្ជាកផងដែរថា ក្នុងរយៈពេលពេញមួយខែធ្នូ ឆ្នាំ២០២៤ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្ត និងនៅតំបន់ព្រំដែនពុំមានសកម្មភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹម ដោយអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខសុវត្ថិភាពនៅគ្រប់មូលដ្ឋាន៕