មីយ៉ាន់ម៉ា៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ ២០២៥ រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជិត ៦ ពាន់នាក់ ដែលស្ថិតនៅក្នុងផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃដដែលនោះ របបយោធា បាននិយាយថា អ្នកទោស ៥,៨៦៤ នាក់ រួមទាំងជនបរទេសចំនួន ១៨០ នាក់ នឹងទទួលបានការដោះលែង ដើម្បីអបអរចំពោះការប្រារព្ធខួប ៧៧ ឆ្នាំនៃឯករាជ្យភាពរបស់មីយ៉ាន់ម៉ា ចេញពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស ។

របបយោធា បានលើកឡើងបន្ថែមទៀតថា ការលើកលែងទោសនេះ គឺស្ថិតនៅក្រោមហេតុផលមនុស្សធម៌ និងមេត្តាធម៌។ ជាងនេះទៀត របបយោធា ក៏បានប្រកាសថា មនុស្ស ១៤៤នាក់ដែលធ្លាប់រងការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ ក៏ទទួលបានការកាត់បន្ថយទោសឱ្យមកជាប់ពន្ធនាគារត្រឹមរយៈពេល ១៥ឆ្នាំវិញ ។

ដើម្បីរម្លឹកដល់ថ្ងៃបុណ្យជាតិ ឬពិធីបុណ្យព្រះពុទ្ធសាសនា ប្រទេសភូមា ឬមីយ៉ាន់ម៉ា តែងតែផ្ដល់ការលើកលែងទោសដល់អ្នកទោសរាប់ពាន់នាក់។ នៅឆ្នាំ ២០២៣ របបយោធា បានប្រកាសដោះលែងអ្នកទោសជាង ៩,០០០ នាក់ អំឡុងប្រារព្ធទិវាឯករាជ្យជាតិ ។

គួររម្លឹកថា ពិធីបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានីណៃពិដ៍ (Naypyidaw) នាព្រឹកថ្ងៃទី៤ ខែមករា មានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល និងយោធាប្រមាណជា ៥០០នាក់៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ