ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំផ្លូវជិះកង់ដោយផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំង ដោយលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប។នេះបើតាម លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជាមួយសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីពេលថ្មីៗនេះ។
នាឱកាសនោះ លោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី បានដាក់សំណើជូនទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំងលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប ឱ្យក្លាយជាគោលដៅទេសចរណ៍ ក្នុងស្រុកថ្មីៗ ជាពិសេសសម្រាប់អ្នកទេសចរក្នុងស្រុក ដែលនឹងផ្តល់ជាឱកាសការងារ និងប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់ប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោក សាយ សំអាល់ ក៏បានសម្រេចប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរៀបចំការចុះបញ្ជីដី ព្រមទាំងសិក្សាសក្តានុពលតំបន់ឆ្នេរសមុទ្រទាំងអស់ជារបៀងសេដ្ឋកិច្ចរួមថែមទៀត។សូមរម្លឹកដែរថា តំបន់ឆ្នេរ ជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសមុទ្រអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។នេះយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។
កិច្ចប្រជុំ ដែលប្រព្រឹត្តទៅដោយមានការចូលរួមពីក្រសួងរៀបចំដែនដី និងក្រសួងទេសចរណ៍ បានអះអាងថា ការជំរុញអភិវឌ្ឍន៍ខេត្តតំបន់ឆ្នេកម្ពុជា គឺជាគ្រឹះសំខាន់ឱ្យធ្វើជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕