ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្តាលម៉ាឡេស៊ី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។
នាពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន រវាងកម្ពុជា និងម៉ាឡេស៊ី តាមរយៈ កម្មវិធីធនាគារចល័ត M2U KH និងប្រព័ន្ធបាគង (KHQR Code) លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនដំណាក់កាលទី ១នេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី អាចទូទាត់កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព ដោយប្រើកម្មវិធី Bakong ឬកម្មវិធី M2U KH ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ ពាណិជ្ជករជាង ២លាននាក់ ដែលបង្ហាញ DuitNow QR របស់ PayNet ដែលជា QR ជាតិរបស់ប្រទេសម៉ាឡេស៊ី។ លោកជំទាវ បន្តថា ការដាក់ដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន QR Code រវាងកម្ពុជា និងម៉ាឡេស៊ី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេសទាំង ២ ដែលជាការបង្ហាញពីជំហានដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃ បណ្តាញអាស៊ានដែលមានប្រព័ន្ធទូទាត់ល្បឿនលឿន ប្រសិទ្ធភាព សុវត្ថិភាព និងទាក់ទងគ្នានៅទូទាំងតំបន់។
លោក Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី បានគូសបញ្ជាក់ដែរថា ការដាក់ដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំង ២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋ និងពាណិជ្ជកររបស់ប្រទេសទាំង ២ តាមរយៈការផ្តល់ភាពងាយស្រួលក្នុងការទូទាត់ ចំណាយកាន់តែតិចជាងមុន លឿនជាងមុន និងមានសុវត្ថិភាព។ លើសពីនេះ ការដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅប្រទេសទាំង ២ផងដែរ។
សូមជម្រាបថា នៅដំណាក់កាលបន្ទាប់ ប្រជាជនមកពីប្រទេសម៉ាឡេស៊ី នឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារពាណិជ្ជជាសមាជិក ដើម្បីស្កេន KHQR Code ទៅកាន់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា ហើយដំណើរអភិវឌ្ឍន៍មួយជំហានទៀតនេះ នឹងជួយជំរុញពាណិជ្ជកម្មឆ្លងដែន និងផ្ដល់ជាកាលានុវត្តភាពដល់ពាណិជ្ជករ ជាពិសេសអាជីវកម្មតូចៗ អាចទទួលបានប្រតិបត្តិការទូទាត់កាន់តែទូលំទូលាយពីអតិថិជន ដែលមកពីប្រទេសម៉ាឡេស៊ី ហើយនឹងជំរុញសកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕