នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ  បានជម្រាបភាគីចិនអំពីគោលនយោបាយទាក់ទាញវិនិយោគ គោលនយោបាយគាំពារធុរកិច្ច ភាពអនុគ្រោះដែលកម្ពុជាមាន ។ល។ ព្រមទាំងបានអំពាវនាវឱ្យភាគីចិន ពិចារណាបោះទុនវិនិយោគឱ្យបានច្រើនថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រៅប្រទេស ក្នុងគោលបំណងឱ្យជួយផ្សព្វផ្សាយពីផលិតផលខ្មែរ ពីគោលនយោបាយពាណិជ្ជកម្ម វិនិយោគ តំបន់ទេសចរណ៍ និងវប្បធម៌ខ្មែរឱ្យបរទេសបានស្គាល់កាន់តែច្រើន។

ជាមួយគ្នានេះ លោកប្រធានគណ:ប្រតិភូចិន បានជម្រាបអង្គប្រជុំអំពីគោលបំណងរបស់សម្ព័ន្ធក្រុមហ៊ុនជាសមាជិក ដែលចង់វិនិយោគនៅកម្ពុជា ដោយសង្កេតឃើញថា បរិយាកាសធុរកិច្ចនៅកម្ពុជាមានលក្ខណ:ល្អប្រសើរ ប្រកបដោយទំនុកចិត្ត។ បន្ថែមពីនេះ ប្រធានគណៈប្រតិភូចិន ក៏បានបញ្ជាក់ផងដែរថានឹងដឹកនាំប្រតិភូពាណិជ្ជកម្មចិនមកកម្ពុជាទៀតនៅពេលវេលាសមស្រប។


Leave a Reply

Your email address will not be published. Required fields are marked *