យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថាចាប់តាំងពីបើកដំណើរការរយៈពេល១ឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថានឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅតែជាកត្តាដ៏សំខាន់នៃគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងការបង្កើតការងារ ព្រមទាំងជាចលនារុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់។
ឯកឧត្តមបានបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះបានចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិលើកស្ទួយវិស័យអាកាសចរណ៍-ទេសចរណ៍-វិនិយោគ ប្រកបដោយចីរភាព និងភាពធន់ ស្របតាមទស្សនវិស័យគោលនយោបាយ និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាបណ្តើរៗដូចការរំពឹងទុកពិតប្រាកដមែន។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកំពុងបន្តខិតខំពង្រឹងបន្ថែមទៀតសម្រាប់ចាប់យកកាលានុវត្តភាព ដែលមាននៅលើទីផ្សារជាតិ និងអន្តរជាតិ ជាពិសេសការត្រៀមខ្លួនឱ្យបានរួចរាល់នៅចំពោះ មុខបញ្ហាប្រឈមថ្មីៗ ដែលជាបច្ច័យពីកត្តាខាងក្រៅ និងកត្តាខាងក្នុង រួមទាំងអ្វីៗផ្សេងៗទៀត ដែលយើងគួរបង្កើតឱ្យមាន និងត្រូវផ្សព្វផ្សាយទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា ជាជម្រើសល្អមួយ ដែលមិនត្រឹមតែមកទស្សនា និងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលមក ដើម្បីបង្កើត និងបង្កើនចំណូលពាណិជ្ជកម្ម អាជីវកម្ម កិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន។
សូមជម្រាបជូនថា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ឯកឧត្តម Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការវិនិយោគក្នុងទម្រង់ «សាងសង់- អាជីវកម្ម-ផ្ទេរ/ BOT» និងមានទុនវិនិយោគចំនួន១១០០លានដុល្លារអាមេរិក ដោយកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីសុទ្ធសាធ (greenfield) លើផ្ទៃដីទំហំ៧០០,០៦ហិកតា និងមានដីបម្រុងប្រមាណ១ ០០០ហិកតា សម្រាប់ការកសាងតំបន់អភិវឌ្ឍពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-កសិកម្ម-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/Airport City»នាពេលដ៏ឆាប់ខាងមុខ៕
ប្រភព៖ AKP សៀមរាប