ភ្នំពេញ៖ នៅក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គឺបានបង្ហាញនូវកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវសុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ។ ឯកឧត្តមបានបង្ហាញអំពីមោទនភាពដែលប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានចូលរួមចំណែកយ៉ាងសកម្មជាមួយកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន។ បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញពីចំណាប់អារម្មណ៍លើផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ព្រមទាំងរំពឹងថាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី នឹងអាចចូលរួមចំណែកសាងសង់ក្នុងគម្រោងណាមួយនាពេលខាងមុខផងដែរ។
មានប្រសាសន៍លើកឡើងនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាដែលមានកម្លាំងពលកម្មវ័យក្មេង ហើយការបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៀតសោត មិនមែនបម្រើតែទីផ្សារប្រជាជនចំនួន ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែបម្រើឱ្យទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គដែលមានប្រជាជនរហូតដល់ទៅ ៣៣០លាននាក់។
ដើម្បីជំរុញឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអនុវត្តស្របតាមអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលនឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគ។
បន្ថែមពីនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីផែនការនៃដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួនបន្ថែមទៀតនៅមុនដំណាច់ឆ្នាំ២០២៤នេះ ដើម្បីផ្តល់ព័ត៌មានអំពីសក្តានុពលរបស់កម្ពុជាទៅកាន់វិនិយោគិនអន្តរជាតិបានកាន់តែទូលាយ។ ជាមួយគ្នានេះ ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីផែនការអភិវឌ្ឍន៍មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ ដែលបើកឱកាសជូនវិនិយោគិនពីគ្រប់បណ្ដាប្រទេសអាចពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគ៕