រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ​ទទួលបានចំណូលសរុបចំនួនជិត ៩៣ ពាន់លានរៀលក្នុងត្រីមាសទី២ ឆ្នំា២០២៤ ថយចុះជាងត្រីមាសទី២ ឆ្នំា២០២៣​ជិត ​ ៧% ខណៈចំណេញសុទ្ធ​សរុបចំនួន ជាង២,៤២៥ពាន់លានរៀល ប្រមាណ ៨១,៦៧% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៣។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ រ.ទ.ស.ភ មានចំណូលសរុបចំនួនជាង ១៩៩ ពាន់លានរៀល កើនឡើង​ ៩,១២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួនជាង ៥៤ ពាន់លានរៀល កើនឡើង​ ៥,៥៧% បើធៀបទៅនឹង រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន​ ជាង៣ទ្រីលានរៀល កើនឡើង​ ២,៧០% និងមូលធនសរុបមានចំនួនជាង ១,៤៤៤ទ្រីលានរៀល កើនឡើងចំនួន ​ ៣,៥៨%។

លោក ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃរ.ទ.ស.ភបានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ រ.ទ.ស.ភ បានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតសរុប ប្រវែង ១៣២.២០២,៦៣ម៉ែត្រ, ផលិតទឹកស្អាតបាន ៨១.៩៣៧.២៧៦ម និងតបណ្តាញជូនអតិថិជនបានចំនួន ៥.៧០០បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបមានចំនួន ៥១០បណ្តាញ ដោយជាលទ្ធផលទទួលបានចំណូលសរុប ចំនួន ៩២.៥៩៨.៧១៨.០០០រៀល, និងចំណេញពិតចំនួន ២.៨២៥.៩២៨.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុន ជាមូលដ្ឋាន (Basic Earmings per Share) គឺ ២៧,៨៩រៀល។ លោកថា៖«រ.ទ.ស.ភ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមាព្យាបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត និងអនាម័យ, ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម, ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់»។

លោកថា សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧០ ៩៥៤ ២០០ម” ជាមួយនឹងការពង្រីក បណ្តាញចែកបាយទឹកបន្ថែម ១២៦.០២០ម៉ែត្រ, គ្រោងចំណូលសរុបចំនួនជិត ១១៥​ ពាន់លានរៀល និង ចំណាយសរុបចំនួនជាង ៧០ ពាន់លានរៀល៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ