លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា។
លោកបានឱ្យដឹងបែបនេះនៅក្នុងពិធីបើក «​​ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគ សរុបនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា វត្តមានគម្រោងវិនិយោគជប៉ុននៅកម្ពុជា មានការថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀប ទៅនឹងរយៈពេលមុនការរីករាលដាលនៃជំងឺកូវីដ-១៩។ យើងទាំងអស់គ្នាបានដឹងរួច មកហើយថា សេដ្ឋកិច្ចជប៉ុន ក្នុងដំណើរការនៃការងើបឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បាននិងកំពុងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ ដែលបានជះឥទ្ធិពលលើការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅបរទេសផងដែរ។
តែទោះជាយ៉ាងនេះក្តី លោក ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់ថា សមាគមជប៉ុន-កម្ពុជា នៅតែរក្សាតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគ និងធុរកិច្ចជប៉ុននៅកម្ពុជា តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ក៏ដូចជា ការសម្របសម្រួលការប្រឹក្សាយោបល់ និងការគាំទ្រដល់កិច្ចសហការអាជីវកម្មរវាងប្រទេសទាំងពីរ ផងដែរ។

សូមបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនជប៉ុនលេចធ្លោជាច្រើន ដូចជា ផ្សារទំនើបអ៊ីអន មន្ទីរពេទ្យជប៉ុន Sunrise, ក្រុមហ៊ុនមីនេបៀរ, ក្រុមហ៊ុន Yazaki, ក្រុមហ៊ុន Toyota Tsusho, និងក្រុមហ៊ុន DENSO ជាដើម មានវត្តមាននៅកម្ពុជារួចមកហើយ ពិសេស ទទួលបានជោគជ័យ ព្រមទាំងបានបន្តពង្រីកអាជីវកម្មរបស់ខ្លួនជាលំដាប់។

វត្តមាន ក្រុមហ៊ុនទាំងនេះជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាមាបរិយាកាស ធុរកិច្ចដ៏អំណោយផលមួយ ដែលអាចឱ្យបណ្តាក្រុមហ៊ុនជប៉ុនដទៃទៀត មកបណ្តាក់ទុន រីកលូតលាស់ និងទទួលបានប្រាក់ចំណេញ ដោយទំនុកចិត្ត៕


Leave a Reply

Your email address will not be published. Required fields are marked *