លោក Felipe De La Morena Casado ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានស្នើទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចអេស្ប៉ាញនៅកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានដល់អ្នកវិនិយោគអេស្ប៉ាញ។
ការស្នើនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបនាឱកាសនេះ លោកឯកអគ្គរាជទូត​​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញផងដែរ។ បន្ថែមពីនេះ លោក ក៏បានលើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរាជទូត ក៏បានស្នើថា៖« សុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត»។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេ​ស្ប៉ា​ញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាឱកាសនាមួយខាងមុខផងដែរ។

សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសរំលេចផងដែរអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះទៀត លោកថាជាបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យើងបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់កិច្ចសហការពេញទំហឹងជូនដល់វិស័យឯកជនដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *