ភ្នំពេញ៖ ដើម្បីរក្សាតុល្យភាពនៃការអភិវឌ្ឍនិងការអភិរក្ស ក្រសួងរ៉ែ និងថាមពលបានបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណរ៉ែថ្មីបន្ថែមទៀតក្នុងតំបន់អភិរក្សព្រៃឡង់ មិនអនុញ្ញាតឱ្យមានការនាំចេញនូវផលិតផលរ៉ែថ្មសំណង់ និងតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានសម្រេចលុបអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរសម្រាប់ផលិតស៊ីម៉ង់ត៍ដែលមិនទាន់ធ្វើរោងចក្រ មានក្រឡាផ្ទៃ៤៦៣,៦ហិកតា នៅតំបន់ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្ដកំពត ដើម្បីទុកជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។
ក្រសួងបានគ្រប់គ្រងការទាញយកនិងការប្រើប្រាស់ធនធានរ៉ែឱ្យប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥។
ចំពោះវិភាគទានរបស់វិស័យរ៉ែក្នុងសេដ្ឋកិច្ចនិងសង្គម ទុនវិនិយោគក្នុងវិស័យរ៉ែក្នុងឆ្នាំ២០២៤ មានចំនួន៧៦៤,២លានដុល្លារអាមេរិក និងផ្ដល់ការងារដោយផ្ទាល់សរុបចំនួន១១,៣០៦នាក់ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែកើនឡើងដល់ប្រមាណ៩០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ស្មើនឹង១៥០ភាគរយធៀបច្បាប់ថវិកា និង១៧០ភាគរយធៀបឆ្នាំ២០២៣ ដែលចំណូលមានប្រមាណ៦៥,៤លានដុល្លារអាមេរិក។ បានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍ ក្នុងរយៈពេល២ឆ្នាំនេះ បានចំនួន៤២គម្រោង ដោយប្រើប្រាស់ថវិកាមូលនិធិរ៉ែចំនួន៣,២៨លានដុល្លារអាមេរិក។
សម្រាប់ការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពនិយោជិត-កម្មកររ៉ែ ដោយប្រតិបត្ដិតាមវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក្រោមអភិក្រម “ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារដោយសុវត្ថិភាព” ក្រសួងបានចុះពង្រឹងអនុលោមភាពនៃការធ្វើប្រតិបត្ដិការធនធានរ៉ែគ្រប់ប្រភេទបានចំនួន៣២០ការដ្ឋាន ៨៥,៥៥ភាគរយ មានអនុលោមភាព និង១៤,៥ភាគរយ មិនទាន់បានអនុវត្ដពេញលេញ ហើយត្រូវបានរងនូវការផាកពិន័យ។ បានតាមដានមិឱ្យមានការប្រើប្រាស់ពលកម្មកុមារ និងចុះជួបដោយផ្ទាល់ជាមួយនិយោជិត-កម្មកររ៉ែបានចំនួន៣,៨២២នាក់ ដើម្បីពិគ្រោះយោបល់ប្រមូលធាតុចូលក្នុងការរៀបចំបទដ្ឋានសុវត្ថិភាពនៅការដ្ឋានអាជីវកម្មរ៉ែ។ ក្រសួងក៏បានពង្រឹងបន្ថែមការអនុវត្ដយន្ដការគ្រប់គ្រងការទិញ ការទុកដាក់ និងការប្រើប្រាស់សារធាតុផ្ទុះ និងសារធាតុគីមីនៅតាមការដ្ឋានរ៉ែ។
ដោយឡែក យន្ដការពាក់ព័ន្ធនឹងរ៉ែអនាធិបតេយ្យ សកម្មភាពរ៉ែអនាធិបតេយ្យនៅទូទាំងប្រទេស ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង ក្នុងនោះឆ្នាំ២០២៣សកម្មភាពរ៉ែអនាធិបតេយ្យចំនួន៩៩ដងត្រូវបានបង្ក្រាប លើទីតាំង១៤៦កន្លែង និងនៅក្នុងឆ្នាំ២០២៤បានបង្ក្រាបចំនួន១០៣ដងលើទីតាំងចំនួន១៩៧កន្លែង៕