ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» ដោយមានការអញ្ជើញចូលរួម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី និងភាគីពាក់ព័ន្ធប្រមាណ១៥០នាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាការរៀបចំសន្និសីទផ្សព្វផ្សាយនេះ មិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀតរវាង កម្ពុជា-ចិន ដែលនឹងរួមចំណែកក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវសក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ជាអាទិភាពនូវប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

ក្នុងឱកាសនៃសន្និសីទផ្សព្វផ្សាយនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់លោកជំទាវ Chen Yijun ជួយផ្សព្វផ្សាយអំពីគៅលដៅទេសចរណ៍កម្ពុជាទៅដល់ប្រជាជនក្វាងស៊ីមកកម្ពុជា ក៏ដូចជាជម្រុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុងនានានៃតំបន់ស្វយ័តក្វាងស៊ី មកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តសៀមរាប។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ