ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានសហការរួមគ្នាជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត អភិបាល អភិបាលរងក្រុង/ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តត្បូងឃ្មុំ។
សិក្ខាសាលានេះផ្តល់ឱកាសដល់សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការប្រមូលមូលនិធិក្រោមរូបភាពវិនិយោគពិតប្រាកដក្នុងវិស័យមូលបត្រដោយស្របច្បាប់ រូបភាពវិនិយោគក្នុងវិស័យមូលបត្រដោយគ្មានអាជ្ញាបណ្ណស្របច្បាប់ និងការឆបោកក្រោមរូបភាពនៃការវិនិយោគ បទល្មើសតាមបច្ចេកវិទ្យា និងបច្ចេកទេសស៊ើបអង្កេតហិរញ្ញវត្ថុ ហើយបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់នូវសកម្មភាពខុសច្បាប់ ហើយរួមគ្នាចាត់វិធានការផ្លូវច្បាប់ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការកៀរគរថវិកា និងការប្រមូលមូលនិធិពីប្រជាពលរដ្ឋក្រោមរូបភាពវិនិយោគផ្សេងៗ ដោយសន្យាផ្តល់ប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ដែលសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តម សៀង ធីរិទ្ធ បានស្នើសុំកិច្ចសហការពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងអ្នកចូលរួមទាំងអស់ ឱ្យជួយផ្សព្វផ្សាយបន្ត ដើម្បីបង្ការ ទប់ស្កាត់ឱ្យទាន់ពេលវេលា ជៀសវាងការចាញ់បោក ដោយសារជនទុច្ចរិតបានប្រើប្រាស់ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ឆាប់រហ័ស ដើម្បីឆបោកប្រជាពលរដ្ឋ។