ក្រុមហ៊ុនស៊ីណូ​ អាហ្គ្រី​ប៉ូតាស ​(Sino-Agri Potash Co.,Ltd) បានបង្ហាញពីគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកប្រទេសកម្ពុជា។នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនស៊ីណូ​ អាហ្គ្រី​ប៉ូតាស​(Sino-Agri Potash Co.,Ltd) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោក ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន​ត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស​។លើសពីនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់​ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការងារនេះទៀតសោត​ លោកក៏បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារ​នៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ​ មានតម្លៃសមរម្យ​ និងមានស្តង់ដាខ្ពស់ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Sino-Agri Potash Co.,Ltd ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសចិន ដែលមានជំនាញក្នុងការផលិត និងចែកចាយជី Potash។ក្រុមហ៊ុននេះ ជាផ្នែកមួយនៃក្រុមហ៊ុន Sino-Agri Group ដែលប្រតិបត្តិការលើវិស័យផ្សេងៗទាក់ទងនឹងកសិកម្ម ការផលិតជី គ្រាប់ពូជ និងសារធាតុគីមីកសិកម្ម៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ