ភ្នំពេញ៖ មហាជន អ្នកសិក្សា ស្រាវជ្រាវ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាយុវជនក៏បានគាំទ្រយ៉ាងពេញទំហឹងនូវវិធានការនានាក្នុង កាត់បន្ថយការប្រើប្រាស់បារីនេះ ជាពិសេសគឺវិធានការពន្ធ។ការបង្ហាញការគាំទ្រនេះធ្វើឡើងនៅក្នុង វេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» ដែលបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» នេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងអប់រំ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុប ៣២០នាក់។
តាមរយៈវេទិកាទាំងពីរលើកកន្លងមក បានបង្ហាញថា ការទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់បារីនិងថ្នាំជក់មានវិធានការជាច្រើន ដូចជាវិធានការផ្សព្វផ្សាយ អប់រំ និង ការរារាំង ការជក់បារីដាក់រូបជំងឺដែលបង្កដោយការជក់បារី ការហាមឃាត់ក្នុងផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងវិធានការពន្ធនានា ដែលរាជរដ្ឋាភិបាលបានបង្កើនជាបណ្តើរក្នុងការទប់ស្កាត់នូវការរីករាលដាលនៃការប្រើប្រាស់បារីនិងថ្នាំជក់នៅកម្ពុជា។
ក្នុងឱកាសអញ្ជើញថ្លែងមតិស្វាគមន៍ នាឱកាសបើកវេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា វេទិកានេះ មានការអញ្ជើញចូលរួម ពីវាគ្មិនសំខាន់ចំនួន បួនរូប ដែលសុទ្ធសឹងតែជាវាគ្មិនដែលមានជំនាញ និង ជាអ្នកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់នៅកម្ពុជា អញ្ជើញមកពី អង្គការសុខភាពពិភពលោក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការចលនាដើម្បីសុខភាពកម្ពុជា និង អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីពន្ធនិងអាករលើថ្នាំជក់។
ឯកឧត្ដមបណ្ឌិតបានបន្តថា ពាក់ព័ន្ធនឹងការជំរុញកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា វិធានការហាមជក់តាមទីសាធារណៈ និងកន្លែងធ្វើការវិញ ការអនុវត្តក៏នៅមានកម្រិត ដែលក្នុងនោះ មានត្រឹមតែ៥១% នៃកន្លែងធ្វើការប៉ុណ្ណោះដែលអាចអនុវត្តបានពេញលេញតាមការកំណត់នៃអនុក្រឹត្យស្តីពី វិធានការហាមការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬទីសាធារណៈ ហើយមានតែ ៨៥%នៃកន្លែងធ្វើការ ដែលបានបិទស្លាកហាមជក់បារី។
នាឱកាសនោះដែរ លោកស្រីបណ្ឌិត HANA ROSS អ្នកជំនាញ Health Tax Expert បានមានប្រសាសន៍ថា “ការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ មិនប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចទេ ផ្ទុយទៅវិញ វាជួយកាត់បន្ថយបន្ទុកសង្គម និងសង្គ្រោះប្រជាពលរដ្ឋរាប់លាននាក់ក្នុងមួយឆ្នាំៗ។”
គួរបញ្ជាក់ថាកម្ពុជាមានបន្ទុកពន្ធសរុបលើផលិតផលថ្នាំជក់ទាបជាងគេក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន កម្ពុជាមានបន្ទុកពន្ធសរុបលើផលិតថ្នាំជក់ត្រឹម ២៥% ធៀបនឹងតម្លៃបារីលក់រាយ ខណៈប្រទេសថៃ ៧៩% ប្រទេសហ្វីលីពីន ៧១% និងប្រទេសសិង្ហបុរី ៦៨%។កន្លងមក ឧស្សាហកម្មថ្នាំជក់តែងតែលើកអំណះអំណាងបំភាន់ថា ការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់នឹងធ្វើឱ្យមានការកើនឡើងបារីគេចពន្ធ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច៕