គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់ប្រទេសវៀតណាមនៅកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។
នេះបើតាមការឱ្យដឹងពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

លោក ជា វុទ្ធី បានលើកឡើងថា រោងចក្រ TNTVN Forestry របស់វៀតណាមដែលបើកដំណើរការនេះនឹងមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតការងារ និងបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មកម្ពុជាផងដែរ។
លោកក៏បានគូសបញ្ជាក់ថា កំណើននៃការវិនិយោគក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ ដែលមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ម្យ៉ាងវិញទៀត ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។

គួរជម្រាបថា គម្រោងវិនិយោគវៀតណាម នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួន២០៨គម្រោង ជាមួយនឹងដើមទុនចុះបញ្ជីសរុប ២,៩១ពាន់លានដុល្លារ ខណៈការវិនិយោគរបស់វៀតណាមនៅកម្ពុជាភាគច្រើន គឺផ្តោតលើវិស័យកសិកម្ម ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូរគមនាគមន៍។នេះយោងតាមការរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។


Leave a Reply

Your email address will not be published. Required fields are marked *