បាងកក៖ គណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃអនុម័តសេចក្តីសម្រេចផ្តល់ឱកាសការងារដល់ អាកាសយានិកបរទេសក្រោយខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃក៏ប៉ុន្តែសេចក្តីសម្រេចនេះសមាគមអាកាសយានិកថៃ បានជំទាស់នឹងការសម្រេចចិត្តកាលពេលថ្មីៗនេះ ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការជំទាស់នេះធ្វើឡើងក្រោយគណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃ បានអនុម័តសេចក្ដីសម្រេចនេះកាលពីចុងខែវិច្ឆិកា ក្រោមហេតុផលថា មានការខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃ។

ប្រធានសមាគមអាកាសយានិកថៃ លោក Teerawat Angkasakulkiat បាននិយាយកាលពីថ្ងៃសុក្រថា សមាគមបានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំឱ្យមានការពិនិត្យឡើងវិញលើសេចក្តីសម្រេចដដែល ដោយជំទាស់នឹងការលើកឡើងដែលថា ខ្វះខាតពីឡុតជនជាតិថៃ។

សូមជម្រាប់ថា បើតាមមន្រ្តីដដែល សមាគមបានដកស្រង់របាយការណ៍ឆ្នាំ ២០២៣ ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ដែលបានកត់សម្គាល់ថា ប្រទេសថៃមានអាកាសយានិកពាណិជ្ជកម្មចំនួន ៣ ០២៤ នាក់ រួមទាំងអាកាសយានិកស្ទាត់ជំនាញជាង ១ ០២៦ នាក់ ដែលត្រូវបានបញ្ឈប់ពីការងារក្នុងអំឡុងវិបត្តិកូវីដ១៩ និងនិស្សិតបញ្ចប់ការសិក្សាចំនួន ១ ២១៩ នាក់ ដែលមានមានអាជ្ញាប័ណ្ណអាកាសយានិក ហើយកំពុងរង់ចាំក្រុមហ៊ុនអាកាសចរណ៍ជ្រើសចូលបម្រើការ។ លោក Teerawat បន្តថា តួលេខនេះបង្ហាញថា ថៃមិនប្រឈមមុខនឹងកង្វះខាតពីឡុតនោះទេ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ