ក្រុមហ៊ុន Husk Ventures ដែលជាក្រុមហ៊ុនវិនិយោគបរទេស នៅខេត្តកំពង់ធំ បាននាំចេញដោយជោគជ័យនូវផលិតផលជីសរីរាង្គចំនួន ៣០០តោន ទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤នេះ ខណៈក្រុមហ៊ុនគ្រោងបង្កើនការនាំចេញដល់ ២០០០តោន នៅឆ្នាំ២០២៥ខាងមុខ។
នេះបើយោងតាមដំណើរចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ ដែលដឹកនាំដោយលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤។
ចុះឱកាសដំណើរចុះពិនិត្យខ្សែច្រវាក់ផលិតកម្មនោះ ក្រសួងកសិកម្ម បានឱ្យដឹងថា ក្រុមហ៊ុន Husk Ventures ដែលជាក្រុមហ៊ុនវិនិយោគបរទេស នៅខេត្តកំពង់ធំ បាននាំចេញដោយជោគជ័យនូវផលិតផលជីសរីរាង្គចំនួន ៣០០តោន ទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤នេះ និងគ្រោងបង្កើនការនាំចេញដល់ ២០០០តោន នៅឆ្នាំ២០២៥ខាងមុខ។
លើសពីនេះ ក្រុមហ៊ុនក៏មានផែនការពង្រីកទីផ្សារក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀតផងដែរ ស្របពេលដែលក្រុមហ៊ុនបានទិញឧបករណ៍ថ្មី និងគ្រោងផលិតជីសរីរាង្គឱ្យបាន ១០ ០០០តោន ក្នុងឆ្នាំ២០២៥។
ជាងនេះទៀត ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាដែលជួយក្រុមហ៊ុនឱ្យលក់កាបោន ដែលកើតចេញពីការផលិតជីសរីរាង្គនេះ នៅលើទីផ្សារអន្តរជាតិបានទៀតផង។
បើតាមក្រសួងកសិកម្ម ជីសរីរាង្គដែលផលិតចេញពីកាកសំណល់ផ្សេងៗក្នុងស្រុក ផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញរបស់កសិករ ដោយសារមានតម្លៃទាបជាងជីគីមីនាំចូល បង្កើតការងារ រក្សាគុណភាពដី ដោះស្រាយបញ្ហាអនាម័យ និងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។
ក្នុងន័យនេះ ក្រសួងក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករបង្កើនការប្រើប្រាស់ជីសរីរាង្គ ដោយកាត់បន្ថយការប្រើប្រាស់ និងការពឹងផ្អែកទាំងស្រុងលើជីគីមីនាំចូលពីបរទេស ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់បន្ថែមដល់ក្រុមហ៊ុនផលិតជីសរីរាង្គក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពផលិត ស្របតាមតម្រូវការទីផ្សារ និងប្រជាកសិករផងដែរ៕