វៀតណាម៖ សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម (NCA) បានរាយការណ៍ថា ការឆបោកតាមអ៊ីនធឺណិត បានប៉ះពាល់ដល់អ្នកប្រើប្រាស់ស្មាតហ្វូនម្នាក់ក្នុងចំណោម២២០នាក់ក្នុងឆ្នាំ២០២៤ និងធ្វើឱ្យជនរងគ្រោះខាតបង់ប្រាក់ចំនួន ១៨,៩ពាន់ពាន់លានដុង ឬត្រូវនឹងប្រមាណ៧៤៤លានដុល្លារអាម៉េរិក ខណៈការក្លែងបន្លំការវិនិយោគលេចឡើងញឹកញាប់ជាងគេ…។នេះបើយោងតាមគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាល។

សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម បានស្ទង់មតិអ្នកប្រើប្រាស់អ៊ីនធឺណិតជាង៥៩០០០នាក់ នៅចន្លោះថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី១៤ ខែធ្នូ។ លទ្ធផលចេញផ្សាយនៅថ្ងៃទី១៦ធ្នូ បង្ហាញថា មានតែ៤៥,៦៩ភាគរយនៃជនរងគ្រោះបានរាយការណ៍ពីការឆបោកទៅអាជ្ញាធរ ខណៈ៨៨,៩៨ភាគរយទៀត និយាយថា ពួកគេបានជូនដំណឹងដល់មិត្តភក្តិ និងក្រុមគ្រួសារអំពីការឆបោកនេះ។

ក្នុងនោះផងដែរសម្រាប់វិធីសាស្ដ្រទូទៅបំផុតដែលត្រូវបានប្រើប្រាស់ដោយអ្នកបោកប្រាស់ក្នុងឆ្នាំ២០២៤ រួមមាន៖ «គម្រោងវិនិយោគក្លែងក្លាយ, ការក្លែងបន្លំធ្វើជាមន្ត្រីរដ្ឋាភិបាល ឬអង្គការ, ការផ្ដល់ជូនរង្វាន់ និងការផ្សព្វផ្សាយក្លែងក្លាយ»។

យោងតាមការស្ទង់មតិ៧០,៧២ភាគរយនៃអ្នកប្រើប្រាស់ស្មាតហ្វូន បានជួបប្រទះនឹងវេទិកាហិរញ្ញវត្ថុក្លែងបន្លំ ដែលសន្យាថា នឹងផ្តល់ផលចំណេញខ្ពស់ដោយគ្មានហានិភ័យ។
ទន្ទឹមនឹងនោះ៦២,០៨ភាគរយ បានរាយការណ៍ថា ជនឆបោកបន្លំខ្លួនធ្វើជាមន្ត្រីមកពីនាយកដ្ឋានប៉ូលិស តុលាការ ភ្នាក់ងារពន្ធដារ ឬធនាគារ។ អ្នកបោកប្រាស់ជារឿយៗបានបង្ខិតបង្ខំជនរងគ្រោះឱ្យផ្ទេរប្រាក់ ឬដំឡើងកម្មវិធីមានមេរោគ ក្រោមការក្លែងបន្លំនៃការដោះស្រាយការរំលោភបំពានផ្លូវច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ