លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញឱ្យគណៈប្រតិភូចិនមកពីខេត្តហ៊ូប៉ី មានការគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជា ហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក ជា វុទ្ធី ជាមួយសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោក ជា វុទ្ធី បានលើកឡើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជានិងចិន, ស្ថានភាពវិនិយោគនៅកម្ពុជាជារួម ដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ក្នុងរយៈពេល ១ទស្សវត្សរ៍មកនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ឬលេខ២ ជាបន្តបន្ទាប់។
លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កត់សម្គាល់ឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើនដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងមុខសញ្ញាថ្មីៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដូចជាការផលិតសំបកកង់រថយន្ត, ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក និងការផលិតគ្រឿងសង្ហារឹម ជាដើម ដែលឧស្សាហកម្មទាំងនេះបានបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់ជាងមុន និងប្រើបច្ចេកវិទ្យាទំនើប។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គលេខាធិការ ក៏បានស្នើឱ្យគណៈប្រតិភូគិតគូរវិនិយោគបង្កើតតំបន់តំបន់សេដ្ឋកិច្ចពិសេស ដែលអាចកៀងគរវិនិយោគិនមកពីខេត្តហ៊ូប៉ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លើសពីនេះ លោកក៏បានជំរុញឱ្យមានការគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជាហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
ជាការឆ្លើយតប លោក អ៊ូ ជឺយុង បានលើកឡើងថា លោកនិងគណៈប្រតិភូនឹងធ្វើការពិនិត្យពិចារណាចំពោះសំណើដែលលោកអគ្គលេខាធិការបានលើកទ្បើងនាពេលនេះ។ លោកសង្ឃឹមថាទំនាក់ទំនងនៃប្រទេសយើងទាំងពីរតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជាពិសេសវិនិយោគិននៅខេត្តហ៊ូប៉ីមានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត៕